[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
អរិយធម៌ខ្មែរPosted: 2014-05-20 00:22:51   Replies: 0
ជីវភាពក្រោយសម័យអង្គរ

ជីវភាពនិងអំណាចរបស់ខ្មែរក្រោយសម័យអង្គរ

ទោះបីជាលទ្ធិទេវរាជ ត្រូវខ្មែរបោះបង់ចោល ជាស្ថាពរ តាំងពីបដិវត្តន៍ នាយត្រសក់ផ្អែមមកម៉្លេះក៏ដោយ ក៏ព្រះមហាក្សត្រ នៅមានលក្ខណៈពិសិដ្ឋ ពុំមានជនណាល្មើសបានឡើយ ហើយដែលគេនិយម ហៅថា ព្រះសម្មតិទេព គឺថាជាជនខ្ពង់ខ្ពស់ផុតគេ ឬក៏ជា ទេវតា ដោយសន្មត ក្នុងចំណោមអាណាប្រជានុរាស្ត្រ របស់ព្រះអង្គ ។ លក្ខណៈពិសិដ្ឋ របស់ព្រះមហាក្សត្រខាងលើនេះ គឺបានមកពីពិធី រាជាភិសេក អោយឡើង សោយរាជ្យសម្បត្តិ (manger la royaute) ។ ខ្មែរពីបុរាណ បានប្រើ ពាក្យ សោយ នេះ ជាហូរហែររៀងមក ដោយមានភស្តុតាងក្នុងសិលាចារឹកជាដើម តែលោកសរសេរថា ស្វេយ ទៅវិញ (ស្វេយវ្រៈ ធម៌្មរាជ្យ សិលាចារឹកប្រាសាទ លុះគ.ស.១០៤៩) ។ ក្សត្រអង្គណា ដែលមិនទាន់បានអភិសេក ហើយគ្រាន់តែបានទទួលរាជសម្បត្តិ គ្រប់គ្រងអាណាប្រជានុរាស្ត្រ ជាបណ្ដោះអាសន្នសិននោះ គេហៅថា គ្រងរាជសម្បត្តិ ដូចជាករណីរបស់ ព្រះបរមរាជាទី២ ចៅពញាយ៉ាត កាលដែលវាយរំដោះបានរាជធានីអង្គរពីកណ្ដាប់ដៃនៃទ័ពសៀម និងព្រះចន្ទរាជា កាលដែលមិនទាន់ច្បាំងឈ្នះស្ដេចកន ជាស្ថាពរនៅឡើយ ។ ម្យ៉ាងទៀត ប្រសិនបើអភិសេក ក្នុងពេលធ្វើសង្គ្រាម គេហៅថា សង្គ្រាមាភិសេក ហើយប្រសិនបើ អភិសេកក្រោយ​ដែលបានបង្ក្រាបខ្មាំងសត្រូ វអោយរាបទាប គេហៅថា ប្រាប្តាភិសេក ទៅវិញ ។ ក្សត្រ​ដែលអាចអភិសេកឡើងសោយរាជ្យ ពេញលក្ខណៈ ជាព្រះមហាក្សត្របាន លុះណាតែមាន គ្រឿងសម្រាប់រាជ្យ គឺ ព្រះខាន់១ ព្រះលំពែងជ័យ១ និង គ្រឿងព្រះបញ្ចក្សេត្រ ។ ប៉ុន្តែបើតាមឯកសារខ្មែរខ្លះ គេបញ្ចូលព្រះខាន់រាជ្យ ឫព្រះខាន់ជ័យ នេះ ទៅក្នុងចំណោម គ្រឿងបញ្ចក្សេត្រ វិញ ដែលគេហៅថា បញ្ចកកុធភ័ណ្ឌ ឬ រាជកកុធភ័ណ្ឌ គឺ៖

១- ព្រះមកុដ
២- ព្រះវាលវីជនី (ផ្លិតធ្វើដោយរោមសត្វពណ៌ស)
៣- ព្រះខាន់
៤- ស្វេតច្ឆត្រ
៥- ព្រះសុវណ្ណបាទុកា (ស្បែកជើងមាស)

ចាប់ពីរជ្ជកាលព្រះបាទត្រសក់ផ្អែមតមក ខ្មែរយើងកាន់ខ្ជាប់ តែព្រះពុទ្ធសាសនាហីនយាន តែ ព្រះខាន់រាជ្យនិងគ្រឿងបញ្ចក្សេត្រ ត្រូវបានពួកបាគូ​ ជាអ្នកថែរក្សា យ៉ាងតឹងរ៉ឹង ហើយនឹងមានកិច្ចប្រារព្ធពិធីបូជា ជារៀងរាល់ខែ ទៀតផង ។ ពួកបាគូនេះ ជាកូនចៅមានតំណវង្ស ពីពួកព្រាហ្មណ៍បុរោហិត គឺពួកព្រាហ្មណ៍ ដែលមាននាទីប្រារព្ធធ្វើរាជាពិធីផ្សេងៗ ក្នុងព្រះរាជវាំង នាសម័យអង្គរ ដោយព្រោះព្រះរាជាខ្មែរ និយមរាប់អានសាសនាព្រាហ្មណ៍ ជាង​ព្រះពុទ្ធសាសនា ។ តាមសាវតារខ្មែឬ ពេលដែលស្ដេចកន មានជ័យជំនះហើយ សម្ដេចឥសីភទ្ទ បានយកព្រះខាន់រាជ្យ ព្រះលំពែងជ័យ និង គ្រឿងបញ្ចក្សេត្រ ទៅលាក់ទុកក្នុងរន្ធប្រហោងដើមចំបក់មួយ នៅក្នុងព្រៃ ។ លុះស្ដេចកន ទទួលអភិសេកឡើងសោយរាជ្យ ព្រះអង្គទ្រង់ចាត់អោយគេ ដើររកគ្រឿងសម្រាប់រាជ្យ ទាំងនោះ នៅគ្រប់ទិសទីតែរកពុំឃើញសោះ ។ ចំណែកឯព្រះចន្ទរាជាវិញ ពេលដែលនាម៉ឺន សូមយាងព្រះអង្គ ទទួលប្រាប្ដាភិសេក ឡើងសោយរាជសម្បត្តិនោះ ព្រះអង្គទ្រង់ប្រកែក ព្រោះរក គ្រឿងសម្រាប់រាជ្យ មិនទាន់ឃើញ ។ បើតាមរាជពង្សាវតារខ្មែរថា គ្រឿងទាំងនោះគេអាចរកឃើញឡើងវិញ ដោយសារតែក្រឡាពាសម្នាក់ ដេកយល់សប្តិ ឃើញគេមកប្រាប់អោយទៅយក ។

រួមសេចក្ដីមក យើងឃើញថា គ្រឿងសម្រាប់រាជ្យ ដូចបានពោលខាងលើនេះ មានសារៈសំខាន់ណាស់ ។ បុគ្គលដែលឡើងសោយរាជ្យ តែពុំមានគ្រឿងនេះទេ គេចាត់ទុកថា ពុំមានលក្ខណៈ ជាស្ដេចទ្រង់រាជ្យពេញលេញទេ ។ ដោយហេតុនេះ ក្នុងគ្រាអាសន្ន បើទោះបីមានគ្រោះថ្នាក់ យ៉ាងណាក៏ដោយ ក៏ពួកព្រាហ្មណ៍បាគូសេវកាមាត្យ ត្រូវខំរំដោះគ្រឿង សម្រាប់រាជ្យនេះអោយបាន តួយ៉ាង
ដូចកាលពីគ.ស.១៣៥២ នៅពេលដែលសៀមវាយបែក រាជធានីអង្គរ ក្នុងរជ្ជកាលព្រះបាទ លំពង់រាជា នោះ ពួករាជគ្រូបុរោហិត បាននាំយក គ្រឿងសម្រាប់រាជ្យ វាយទម្លាយទ័ពសៀម រត់រួចចេញទៅ ។ ដូច្នេះ យើងឃើញថា អំណាចរបស់ព្រះរាជា ស្ថិតនៅលើព្រះរាជពិធី រាជាភិសេក នេះ១ និងលើ គ្រឿងសម្រាប់រាជ្យនេះ១ ។ អំណាចទាំងឡាយ មានប្រភពចេញមកពីព្រះរាជា ។ ព្រះអង្គជាអ្នកតាក់តែងច្បាប់ ប៉ុន្តែជាច្បាប់សាធារណៈប៉ុណ្ណោះ ។

ស្តេចគ្រប់គ្រងរាជ ក៏ជាអគ្គមេបញ្ជាការលើកងទ័ពជាតិ ហើយតែងតែលើកទ័ពផ្ទាល់ព្រះអង្គ ទៅប្រយុទ្ធប្រឆាំងនឹងមារសត្រូវ ទាំងខាងក្រៅប្រទេស និង ខាងក្នុងប្រទេស។ ដោយហេតុនេះ បានជាយើងឃើញ ព្រះស្រីរាជា លើកទ័ពផ្ទាល់ព្រះអង្គ ទៅរំដោះយកអាណាខេត្តខាងលិច ព្រះចន្ទរាជា ព្រះបរមរាជាទី៤ និងព្រះសត្ថាទី១ សុទ្ធតែបានលើកទ័ព វាយយកទឹកដីខ្មែរ ដែលត្រូវបាត់បង់ ហើយសុទ្ធតែបានទៅដល់ រាជធានីស្រីអយុធ្យា។ ចំណែកឯព្រះបរមរាជាទី៤ ទ្រង់បានលើកទ័ពចេញ ទៅតទល់នឹងស្ដេចលាវ ដែលមកសងសឹក ក្រោយពីប្រជល់ដំរីចាញ់ខ្មែរ ។ ដោយសារ ព្រះរាជពិធីរាជាភិសេក ព្រះរាជាក៏ក្លាយទៅជា មេសាសនាផងដែរ ។​ ព្រះអង្គមានសិទ្ធិ ជ្រើសរើសព្រះសង្ឃ និងមានសិទ្ធិដកសក្ដិ ពីមន្ត្រីប្រភេទនេះទៀត ។ ដោយសារព្រះរាជពិធីដដែលនេះ ព្រះរាជាក៏មានឋានៈជា ម្ចាស់ជីវិតលើត្បូង មានសិទ្ធិអោយស្លាប់ ឬ អោយរស់ ទៅលើសព្វសត្វនៅលើផែនដី បានសេចក្ដីថា ព្រះអង្គជាចៅក្រមម្នាក់ អាចវិនិច្ឆ័យទោសកំហុសជាយថាហេតុ ប៉ុន្តែ ក្នុងករណីចុងក្រោយនេះ ក៏ដូចជាក្នុងករណីឯទៀតៗដែរ ព្រះអង្គត្រូវប្រកបដោយ ទសពិធរាជធម៌ មាន ទាន សីល នេះជាដើម ។

ប៉ុន្តែ ទោះបីព្រះរាជាជា ប្រភពនៃអំណាចគ្រប់បែបយ៉ាង កាន់កាប់អំណាចគ្រប់ប្រភេទក៏ដោយ ក៏ពុំមានសេចក្ដីថា ព្រះអង្គត្រូវជាអ្នកកាន់អំណាចផ្ដាច់ការបានដែរ ។ ផ្ទុយទៅវិញ ព្រះអង្គត្រូវប្រកប ដោយសីលធម៌បរិបូរណ៌ និងគោរពច្បាប់វិន័យតឹងរឹង ។ មានព្រះរាជាខ្លះ ដូចជា ចៅពញាអន និងចៅពញាញោម ជាដើម មានប្រវត្តិ ពុំគោរពក្រិត្យវិន័យ សម្រាប់ក្សត្រទ្រង់រាជ្យ ហើយបែរជាប្រព្រឹត្ត អំពើអបាយមុខ រំលោភលើរូបប្រពន្ធកូនអ្នកដទៃ បណ្ដាលអោយមានវឹកវរក្នុងផ្ទៃប្រទេស។ នោះ គឺជាអំពើពុំសមរម្យ ចំពោះអ្នកដឹកនាំជាតិ ​ដែលត្រូវមានករណីយ មើលសុខទុក្ខ នៃអាណាប្រជានុរាស្ត្រ។ ក្នុងសម័យកាល ដែលយើងបានលើកមកសិក្សាក្នុងទីនេះ យើងឃើញថា ព្រះរាជាដែលសោយរាជ្យបន្តបន្ទាប់គ្នា ទ្រង់គង់នៅក្នុងរាជធានីបីសំខាន់ គឺរាជធានីភ្នំពេញ ចតុមុខ រាជធានីលង្វែក និង រាជធានីទួលបាសានស្រីសន្ធរ ។ យើងក៏អាចពិនិត្យឃើញពេលសព្វថ្ងៃនេះដែឬ ថាទីតាំងនៃរាជធានីទាំងនោះ សុទ្ធតែជាចំណុចយុទ្ធសាស្ត្រ ស្ថិតនៅជិតទន្លេ បឹង និងព្រៃ ជាឧបសគ្គ សម្រាប់ការពារខ្លួនបានស្រួល ។ ម្យ៉ាងទៀត រាជាធានីនីមួយៗ សុទ្ធតែមានកំពែង និងគូ ឬ អូរ ព័ទ្ធជុំវិញ ហើយមានបន្ទាយ មានសើន នៅច្រើនកន្លែង សម្រាប់ការពារទៀត ។ រាជធានីលង្វែក ជាបន្ទាយមាំមួនជាងបន្ទាយឯទៀត នេះគឺដោយសារ មានព្រៃឫស្សីយ៉ាងក្រាស់ ដែលព័ទ្ធពីក្រៅគូទឹកថែមទៀត ប៉ុន្តែ ការដែលលង្វែកធ្លាក់ក្នុងកណ្ដាប់ដៃសៀម នោះគឺព្រោះ ខ្មែរយើងចាញ់កលល្បិចគេ ចង់បានប្រាក់ដួង។ ។

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com