[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
other authorsPosted: 2013-12-14 15:16:50   Replies: 0
និស្ស័យន័យសព្វជីវិត

និស្ស័យន័យសព្វជីវិត

កែវភ្នែកជ្រែកចិត្តដិតជាប់សម្ផស្ស
ធម្មជាតិជ្រាតលាស់លូតអួតត្រួយថ្មី
ស្រូវស្រែក្បែរភ្នំជុំរំជើងព្រៃ
គួរទីរំពៃដីដែនសែនគាប់ ។

មានសព្វសម្បត្តិសត្វច្រើនអំបូរ
រុក្ខាច្បារគរហូរហៀព្យាទ្រព្យ
តុបតែងចែងឆ្លាក់ហឬទ័យមានភ័ព្វ
គន់គួររៀបរាប់ជាប់ចិត្តមេត្រី ។

ទូកតូចលួចលូនពូនពើកចំប្លង
កញ្ឆែតល្បាយល្បងក្រងបែកខ្នែងថ្មី
ត្រកួនឈ្លក់ទឹកនឹកអន្លក់ខ្ចី
ចកចោមដើមរៃលៃក្រៀគកៀកកើយ ។

គង្គាឆ្លុះដីត្រីអួតទឹកហូរ
ក្អាត់យំថ្លុំធ្ងរសូរមាន់ទឹកឆ្លើយ
កុកក្រក កក ទំ ដមន្ដុរតោះតើយ
ពួនស្មៅកន្ត្រើយហើយច្រៀងបន្ទរ ។

ដើមចង្ក្រង់ស្វាផ្កាទងតែមួយ
ឳកំពីងពួយត្រួយទ្រើងត្រាចរណ៍
ក្រជីបប្រលិតស្និទ្ធរំចង់ ស
ម្អមអង្គអើតករគុំស្លាបចង្វា ។

គន់សត្វឆ្វាត់វាលគ្រាលខ្យងតៅវៅ
ពពេចស្រែកហៅចៅសារិកា
ផ្ការាចល្អឆើតអើតអួតផ្កាចារ
កញ្ចូតហូតផ្កាត្រារៀបត្រៀបផ្លូវ ។

ថ្នោលទូកលូកដោលបោលលូនសន្សឹម
រំពៃញញឹមផ្ទឹមចិត្តនិត្យនៅ
បេះដូងឈោងស្ដាយកាយរសាត់ទៅ
ទូកញែកវែកផ្លូវស្រូវរវាតគុំ ។

សំឡឹងបឹងកក់ដក់ចិត្តដាក់ដាំ
កន្ទាទូកត្រាំចាំពងជ្រងជុំ
ដើមច្រាច់ហាច់លាស់ខ្ទាស់កញ្ចួលភ្នំ
ស្រងែហែរជ្រំគុំត្រែងបែងឃ្លាត ។

វល្លិត្រកួនទេគវែកវានវល្លិថ្អើក
ក្ដាមគ្រងអណ្ដើកតើកតេះស្មៅវាត
ជាប់ចិត្តដិតកាយស្ដាយឆើតធម្មជាតិ
ចាក់ក្រងចងសៀតលាតឆោមកល្យាណ ។

ស្រូវប្រឹងធ្វើខ្លួននួនរសក្រអូប
វាយោគួចស្រូបស្រោបក្លឹនអប់ប្រាណ
សព្វម្រឹគទំនុករុក្ខជាតិសុខសាន្ត
ច្បារសួនសួគ៌ឋានដានដក់ហឬទ័យ ។

វាលស្រែក្បែរព្រៃរៃលោមអារម្មណ៍
រុក្ខាលោគឡំច្រំចិត្តកវី
ធម្មជាតិជ្រាតសត្វឆ្វាត់កងដងព្រៃ
មង្គលនិស្ស័យន័យសព្វជីវិត ។

ច្រវ៉ាច្រានទូកលូកក្បាលដល់ត្រើយ
ជ្រោះភ្នំដង្ហោយក្រោយពេលឃ្លាតស្និទ្ធ
នេត្រាចារទ្រព្យជាប់ទីនេបនិត្យ
លួងស្រើបដួងចិត្តឥតល្អៀ ងចិន្ដា ។

វិលត្រើយកាយទ្រឹងប្រឹងងាកគយគន់
កន្លោមភ្លក់ទន់ទាបមែកសាខា
ដើមមាំសំកាំងបាំងសុរិយា
សាយ័ណ្ហយាត្រាចារសារអាល័យ ។

ដោយ ម៉ម ឆោមវិចិត្រ

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com