[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Special Khmer Poetry/Other LiteraturePosted: 2011-08-13 13:43:52   Replies: 0
គប្បីហ៊ានពត់ស្រឡៅ គប្បីហ៊ានប្រដៅមនុស្សខូច

គប្បីហ៊ានពត់ស្រឡៅ គប្បីហ៊ានប្រដៅមនុស្សខូច

"កុំពត់ស្រឡៅ កុំប្រដៅមនុស្សខូច" ជាសំដីរបស់សង្គមជន ដែលខ្វះសមត្ថភាព កែស្រឡៅ ឬជនដែលអង្គុយ មើលបំណាំ តែម៉្យាង។ ស្រឡៅរឹងមែន តែក៏មិនរឹង ចំពោះ អ្នកមានទេពកោសល្យ ខាងអារឆ្លាក់ឈើ អោយក្លាយជា តុទូគ្រែ ក្តារក្រាលផ្ទះ និងគ្រឿងសង្ហារឹម ល្អៗថ្លៃថ្នូរ ក្នុងលំនៅដ្ឋាននោះឡើយ។ ដូចគ្នានេះដែរ មនុស្សខូច ក៏គេអាចនៅកែបាន ដោយមធ្យោបាយ របស់អ្នកមានសមត្ថភាព ខាងវេជ្ជវិជ្ជា (medical profession) ចិត្តវិទ្យា (psychology) និង សតិវិទ្យា (psychiatry) ហើយអាចក្លាយ ជាមនុស្សល្អប្រសើរមកវិញ នៅក្នុងសង្គម ជួនកាល អាចក្លាយជាអ្នកប្រាជ្ញប្រសើរ ជាងមនុស្សទូទៅខ្លះទៀតផង ក៏ធ្លាប់មាន។

កាលជំនាន់មុន ឆ្នាំ១៩៧៥ ប្រទេសខ្មែរយើង ធ្លាប់មានមន្ទីរពេទ្យមួយ សម្រាប់រក្សា ជនវិកលចរិត ឬវិកលសតិ នៅព្រែកត្នោត ហើយធ្លាប់មាន សតិបណ្ឌិត និងចិត្តបណ្ឌិតខ្មែរ ដែលបានសិក្សា ពីប្រទេសបារាំង ធ្វើការនៅទីនោះ ដើម្បី ជួយព្យាបាលជនវិកលចរិត (behavioral difficulties) និងជនវិកលសតិ (mental difficiencies) ហើយបានជួយ បន្ធូរនិងសម្រាល ជម្ងឺជនទាំងនោះ បានប្រសើរ រហូតខ្លះបានវិលត្រឡប់ មករស់នៅ ជួបជុំក្រុមគ្រួសារវិញ ដោយសុខសប្បាយ។ ខ្លះបានវិល ទៅរៀនវិជ្ជាជីវៈ ហើយចេញប្រកប មុខរបរចិញ្ចឹមជីវិត បានដូចគេដូចឯង សាជាថ្មី។ ដូច្នេះ មនុស្សខូច ដោយសតិ ឬចរិត ក៏នៅមានឧិកាស ក្លាយជាមនុស្សល្អបានដែរ បើពួកគេបានជួបប្រទះ អ្នកដែលមាន ទេពកោសល្យ និងជំនាញខាងអប់រំ ចរិតនិងគំនិតប្រាជ្ញា។ ចៃដន្យប្រទេសខ្មែរ បានធ្លាក់ចូល របបកុម្មុយនីស្ត នៅឆ្នាំ១៩៧៥ ហើយអ្វីៗក៏ផ្លាស់ប្តូរ ថមថយ អស់ពេលជាយូរឆ្នាំ។

ប៉ុន្តែសម័យ២០១១នេះ ប្រទេសខ្មែរ បានប្រែក្លាយជឿនលឿន មានសន្តិភាព សា​ជាថ្មីមកវិញម្តងទៀត។ ពេលនេះ យើងក៏បានឃើញ ពេទ្យចិត្តវិទ្យា មានចំនួនកើនឡើង ជារឿងរាល់ឆ្នាំ និងមានកម្មវិធីអង្គការ ក្រៅរដ្ឋាភិបាល បានចេញសកម្មភាព ធ្វើការផ្តល់សេវា ជួយមនុស្សខូច (ខូចចិត្ត ខូចមារយាទ ខូចសតិ) ដើម្បីជួយអោយពួកគេ បានកែប្រែសម្រួលជីវិត អោយបានប្រសើរ ត្រឡប់មករស់នៅ ជាមួយក្រុមគ្រួសារវិញ ដោយសុខសន្តិ និងប្រកបដោយ ភាពកក់ក្តៅ ក្នុងចិត្ត ក្នុងជីវិត យ៉ាងក្សេមក្សាន្ត។ បើសិនជាគ្មានពេទ្យ ឬបុគ្គលិកជំនាញ ខាងកែប្រែចិត្ត ចរិត និងគំនិតទេ ប្រទេសយើង នឹងប្រទះ នូវវិបត្តិធំមិនខាន ព្រោះមនុស្សខូច នៅតែខូច មិនអាចកែប្រែបាន។ ចំពោះបុគ្គលិកមាន ទេព្យកោសល្យជំនាញ គ្មានមនុស្សខូចណា ដែលកែមិនបាន នោះឡើយ យ៉ាងណាក៏នៅតែ អាចកែមនុស្សខូច អោយបានប្រសើរ ជាងមុនបន្តិចដែរ វៀរលែងតែ ខ្វះសម្ភារៈ ខ្វះថ្នាំពេទ្យ ខ្វះសមត្ថភាព ខ្វះមន្ទីរការងារ ឬខ្វះឧិកាស ជាដើម។

ដូច្នេះ បើយើងមិនរៀន បណ្តុះសមត្ថភាព និងទេពកោសល្យ របស់យើងទេ យើងច្បាស់ជាមិនអាច ពត់ស្រឡៅ ក្លាយជា គ្រឿងសង្ហារឹមដ៏មានតម្លៃ និង មានប្រយោជន៍ធំធេង នោះបានឡើយ។ ទន្ទឹមគ្នានេះដែរ បើយើងមិនរៀន បណ្តុះសមត្ថភាព និងទេពកោសល្យ សម្រាប់ពត់អប់រំចិត្ត ចរិត និងគំនិតមនុស្ស នោះទេ យើងប្រាកដជា ពុំបានជួយកែឆ្នៃមនុស្សខូច (ចិត្ត ចរិត និងសតិ) អោយក្លាយជា មនុស្សប្រសើរ ក្នុងគ្រួសារ ឬក្នុងសង្គមវិញ បានដែរ។ ក្នុងលក្ខណៈជាមនុស្ស ដែលប្រកបដោយក្តីសង្ឃឹម ដោយកម្លាំងចិត្ត និង សតិប្រាជ្ញាពេញលេញ យើងនឹងមើលឃើញ នូវគុណសម្បត្តិ និងសមត្ថភាព របស់មនុស្សទាំងឡាយ ក្នុងការជួយ កែសម្រួលគ្នា ទៅវិញទៅមក អោយប្រសើរជាងមុនជានិច្ច មិនលែងឡើយ។


ជួនកាលទៀត មនុស្សខូចទាំងនោះ ក៏មានរួមទាំងខ្លួនយើងដែរ ឧទាហរណ៍ យើងខូចចិត្ត ខូចអារម្មណ៍ មានអារម្មណ៍អវិជ្ជមាន (ដូចជាខឹង ស្អប់ គុំគួន ឬស្យា ម៉ួម៉ៅ អស់សង្ឃឹម កើតទុក្ខ ព្រួយ ចចេស មានះ) មានចរិតខ្លះអវិជ្ជមាន (ចង្អៀតចង្អល់ ច្រណែន កាចយង់ឃ្នង ប្រើកម្លាំងបាយ ឬកម្លាំងសំដីអវិជ្ជមាន បំបាក់កម្លាំងចិត្តអ្នកដទៃ ដើម្បីដោះស្រាយរកជំនះ) មានសតិអវិជ្ជមាន (ភ្លេចច្រើន វង្វេងច្រើន មិនចងចាំ មិនយល់ ជាដើម)។ ពេលនេះ បើគ្មាននរណា អាចប្រដៅយើងបានទេ គឺមានតែខ្លួនយើងតែមួយគត់ ដែលនៅសល់ ដែលគប្បីហ៊ានប្រដៅខ្លួនឯង អោយកែប្រែខ្លួន បានប្រសើរមកវិញ។ រីមធ្យោបាយដោះស្រាយវិញ គឺស្ថិតនៅលើ ការពិចារណា របស់យើងសួនតួ ចេះវិភាគយ៉ាងល្អិតល្អន់ ដើម្បីអោយដឹងថា តើខ្លួនយើងនេះ មានខ្វះខាត ចំណុចណាខ្លះ ដែលគួរណាស់តែ កែប្រែច្នៃសម្រួល អោយបានប្រសើរមកវិញដែរ។ បើមិនដូច្នេះទេ យើងនឹងក្លាយជាមនុស្សខូច (មានន័យថា ឈឺ ឈឺចិត្ត ឈឺមារយាទ ឬឈឺសតិ) ដដែលជាដដែល មិនសះស្បើយសោះឡើយ។ ដូច្នេះ ប្រសិនបើមិនហ៊ានពត់មនុស្សខូច ដែលរស់នៅក្នុងខ្លួនយើងទេ យើងក៏មិនអាចក្លាយខ្លួន ជាមនុស្សប្រសើរ ជាងមុនបានដែរ។

សូមអរគុណលោកអ្នក ដែលបានអានសំណេររបស់ខ្ញុំ!! សូមលោកអ្នក បានប្រកបតែស្មារតីភ្លឺស្វាងរុងរឿង ជានិច្ច!!!

ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់!!!

អ្នកស្រី កែវច័ន្ទបូរណ៍


English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com