[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Special Khmer Poetry/Other LiteraturePosted: 2011-08-12 01:02:50   Replies: 0
សត្វទាមិនមែនទាបគ្រប់ពូជ!

សត្វទាមិនមែនទាបគ្រប់ពូជ!

មានទម្លាប់មិនល្អមួយ ដែលខ្មែរយើង ច្រើនចូលចិត្តបញ្ចេញកំហឹង និង ជេរតិះដៀល អ្នកដទៃ ដែលមិនយល់ចិត្តខ្លួន ឬ មនុស្សដែលរៀន ក្រចេះក្រចាំ ឬ ដៀលអ្នកក្រ អ្នកវណ្ណៈទាប ថា សត្វទាពូជទាប រស់តែដីរាប មិនមានសមត្ថភាព ចេះហើរទំលើធ្នើរបាន។ ប៉ុន្តែ ចៃដន្យ នៅក្នុងជីវិតពិត មានទាខ្លះអាចហើរខ្ពស់ ទំលើធ្នើរខ្ពស់បាន ដូចជា សត្វទាព្រៃ ជាដើម។ ទាព្រៃហើរពីតំបន់មួយ ទៅតំបន់មួយ ស្វែងរកទឹកនិងអាហារ។ ជួនកាល ក៏ឈប់នៅទីទួលខ្ពស់ លើមែកឈើធំៗ ខ្ពស់ៗ ដើម្បីសម្រាកស្លាប មុននឹងសម្លឹងរកផ្លូវ ហើរហោះតទៅមុខទៀត។

ចំណែកទាស្រុកខ្លះ អាចហើរទំដំបូលផ្ទះបាន ដូច្នេះហើយ ទើបពេលចិញ្ចឹម គេច្រើនដាក់ទ្រុងវា ហើយដកស្លាបវែងៗចោល ដើម្បីកុំអោយហើរឆ្ងាយ រួចចេញពីទ្រុងបាត់។ បើសម្លឹងមើលតាមសភាពពិត នៃជីវិតរបស់ទា ពាក្យដំណៀលទាំងនេះ មិនមែនសុទ្ធតែ ជាការពិត ជាការអប់រំប្រសើរ ឬ ជាគម្រូល្អ សម្រាប់អោយ បច្ឆាជនយើងទាំងឡាយ រើសត្រងត្រាប់ ដើម្បី យកមកនិយាយត្មះតិះដៀលគ្នា តៗពូជតពង្ស មិនឈប់ឈរ ដោយមិនពិចារណា ល្អិតល្អន់ នោះឡើយ។

នៅតំបន់ ដែលមានធាតុអាកាសត្រជាក់ ឬមានសន្សើមត្រជាក់ ពិបាករស់នៅ មានពូជទាព្រៃ អាចហើរខ្ពស់ពីដី ជាងមួយរយម៉ែត្រ ហើយ អាចហើរបានឆ្ងាយ រាប់យោជន៍ ដោយមិនគាំងស្លាប ឆ្លងពីតំបន់មួយ ទៅតំបន់មួយ ដើម្បីសែ្វងរកទឹក និងអាកាសធាតុក្តៅ ងាយរស់ស្រួលរស់នៅ។ ហ្វូងទាទាំងនោះ មានមេកោយ ហោះហើរដឹកនាំហ្វូងទា លើអាកាស មានរបៀបរៀបរយ ជាងមនុស្សយើង ដែលរស់លើដី ទាំងឡាយនោះទៀតផង។ ជួនកាល សត្វទាំងនេះ ចុះទំនៅលើដំបូលអាគារធំៗ លើមែកឈើខ្ពស់ៗ ដើម្បីសម្រាកស្លាប ពេលណាអស់កម្លាំង។

ដូច្នេះ ពេលណាមនុស្សយើង និយាយចេញមក នូវពាក្យពេចន៍ ដែលបង្ហាញ នូវគំនិតថមថយទាំងឡាយនោះ គឺជាការឆ្លុះបញ្ចាំង នូវការខើចខ្វះ ចំណេះវិជ្ជាសិក្សា និង ការពិចារណា ដើម្បីជួយ ពង្រីកគំហើញ របស់យើង អោយទូលំទូលាយនោះទៅវិញទេ។ ភាពទាល់ច្រកខាងវិជ្ជា និងសតិប្រាជ្ញា តែងធ្វើអោយមនុស្សយើង ខើចខ្វះសមត្ថភាព នឹងសម្លឹងមើលឃើញ នូវគុណសម្បត្តិ ល្អៗរបស់មនុស្សសត្វ និង អ្វីៗទាំងអស់ ជុំវិញខ្លួន អោយបានប្រសើរ។ ដោយមូលហេតុនេះហើយ ទើបយើងគួរគប្បីជ្រើសរើស បន្ថែមការសិក្សា ការពិសោធន៍ ការហ្វឹកហ្វឺន ការស្រាវជ្រាវ ការអានច្រើន ស្តាប់ច្រើន ការសង្កេតច្រើន ការពិចារណា និងវិភាគអោយបានច្រើន ដើម្បីពង្រីក គំហើញប្លែកៗ និងរីកចម្រើនរុងរឿង នៃបញ្ញារបស់យើង អោយកាន់តែមានភាពទូលំទូលាយ ប្រសើរឡើងជាងមុន។

នៅសម័យបច្ចុប្បន្ននេះដែរ សង្គមខ្មែរមានប្រព័ន្ធការសិក្សា កម្រិតខ្ពស់ជាងមុន ឆ្ងាយណាស់ តាមរយៈសៀវភៅ ទូរទស្សន៍ ឬ ប្រព័ន្ធឥន្ថឺណិត កាន់តែច្រើនឡើងៗ ពាសពេញផ្ទៃប្រទេស។ ថ្វីបើជួនកាល យើងមិនអាចមានលទ្ធភាព ទៅដកពិសោធន៍ផ្ទាល់ ក៏គង់យើងអាចឃើញ អាចជួបប្រទះ បានឃើញ បានរៀន តាមសៀវភៅ កាសែត ឬ ទូរទស្សន៍ ឬ បានអាន តាមប្រព័ន្ធឥន្ថឺណិត ដែរ។ ការរក្សា នូវទម្លាប់បុរាណ យ៉ាងបាក់ផ្នត់គំនិត ដោយភ្លេចពង្រីក ការចេះដឹង និងគំហើញថ្មីៗ របស់យើង ទៅតាមការរីកចម្រើន ក្នុងសង្គមសិក្សា ពិតជាការមួយ គួរអោយសោកស្តាយ ជាទីបំផុត ព្រោះថា នៅក្នុងឧិកាស ដែលយើងតិះដៀលអ្នកដទៃ ថាជាសត្វទា តើយើងទាំងឡាយ មានបែរមើលខ្លួនយើងខ្លះ ដែរទេ​ ថា សំដីដៀលត្មះរបស់យើង ចំពោះអ្នកដទៃនោះ បានបង្ហាញនូវសមានចិត្ត និងគំនិតប្រាជ្ញា​ របស់យើង ទូលំទូលាយ ខ្ពង់ខ្ពស់ បែបណា ប៉ុនណាដែរ? បើមិនទូលាយទេ តើយើងគួរធ្វើយ៉ាងណាវិញ ដើម្បីពង្រីកនិងពន្លាត គំនិតនិងគំហើញរបស់យើង អោយទូលំទូលាយ ប្រសើរខ្ពង់ខ្ពស់ជាងមុន?

សរុបសេចក្តីមក អ្វីដែលប្រសើរ បំផុត សម្រាប់យើងគ្រប់ៗគ្នា គឺជាការសិក្សាកែប្រែខ្លួនយើង អោយប្រសើរឡើងថែមទៀត នៅនាបច្ចុប្បន្ននេះ ដូចជា ការហ្វឹកហ្វឺន សង្កេត អានហើយស្រាវជ្រាវ ស្តាប់ហើយពិចារណា វិភាគហេតុផល អោយបានច្រើនមុំជ្រុង យ៉ាងល្អិតល្អន់ច្រើនដង មុននឹងស្តីចេញមក ត្មះតិដៀលអ្នកដទៃ ឬមុននឹងជឿតាមគេ ឬ ថាៗតាមគេដទៃពេលឮតគ្នា។

ព្រះពុទ្ធ លោកក៏ធ្លាប់ទូន្មានប្រដៅយើង គ្រប់ៗគ្នាដែរថា កុំឡើយជឿតាមគេ ថាថាតាមគេ ដោយខ្វះការពិចារណា សិក្សា ស្រាវជ្រាវ វិភាគ បណ្តុះនិងពង្រីកគំហើញ របស់ខ្លួនយើង អោយបានទូលំទូលាយ ជាមុន នោះឡើយ។ បើសិនយកពេលពិចារណា អោយបានកាន់តែ ជ្រាលជ្រៅ បញ្ញាយើងក៏កាន់តែភ្លឺថ្លា គំនិតរបស់យើង កាន់តែទូលាយ ចំណេះរបស់យើង ក៏កាន់តែកើនឡើងៗ។ ចំណែកឯភាពល្អក់កករ នៅក្នុងចិត្ត ក្នុងអារម្មណ៍ ក៏កាន់តែថមថយអនុភាព ត្រឡប់ទៅវិញ។ រីពាក្យសំដី ត្មះតិះដៀល ទាំងឡាយនោះ ក៏ចាប់រលត់បាត់ស្រមោល ពីបញ្ជីពាក្យសន្ទនា នៅក្នុងជីវិត របស់យើង ទៅតាមនោះដែរ ជាមិនខាន។

សូមអរគុណអតិបរមាលោកអ្នក ដែលបានអានសំណេររបស់ខ្ញុំ!! សូមលោកទាំងអស់ បានប្រកបតែបញ្ញា និង សន្តិមង្គលរុងរឿង ជានិរន្តន៍!!

អ្នកស្រី កែវច័ន្ទបូរណ៍

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com