[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Special Khmer Poetry/Other LiteraturePosted: 2011-08-07 03:14:28   Replies: 0
កង្កែបបាតអណ្តូង

តើនរណាថា កង្កែបបាតអណ្តូង ស្គាល់មេឃប៉ុនគម្របឆ្នាំង? កង្កែបចុះបាតអណ្តូង ព្រោះចង់ពួនស៊ីមូស ផឹកទឹកត្រជាក់ បំប៉នខ្លួនប្រាណអោយធំធាត់។ តើទៅឆោតអីហ្ន៎ ដែលកង្កែបត្រូវតតាំងនឹងមេឃខែប្រាំង ដ៏សែនរីងរាំង មានដីបែកក្រហែង នៅខាងក្រៅទៅវិញ? នៅនារដូវប្រាំង ពេលណាគេខ្វារ បានកង្កែបពីបាតអណ្តូង បាតត្រពាំង ដែលមានទឹកត្រជាក់ ម្តងៗ គេច្រើនប្រទះ តែកង្កែបដែលធាត់ មានសាច់ទ្រលុកៗបំផុត មិនខុសអីឡើយ ពីសិស្ស និស្សិត អ្នកស្រាវជ្រាវ ឬ អ្នកស្នាក់ធម៌ ដែលរត់ចូលពួន លាក់អាត្មា ក្នុងបន្ទប់តូច បិទទ្វារ បើកត្រឹមបង្អួចតូចៗ យកតែខ្យល់ដកដង្ហើម ដើម្បីតាំងសមាធិ ផ្ចង់ស្មារតី ខាត់គំនិត ខាត់ប្រាជ្ញា ពិចារណាត្រិះរិះ បណ្តុំ បណ្តុះ បណ្តាល នូវទេពកោសល្យ នូវគំនិតថ្មីៗ និងការយល់ដឹងប្លែកៗ ដែលនាំនូវ ប្រយោជន៍និងមធ្យោបាយ ប្រសើរ ដើម្បីដោះស្រាយជីវិតរស់នៅ។ លុះពេលគេមានឧិកាស ចេញមកក្រៅម្តងៗ គេរមែងតែងតែនាំ នូវខ្លឹមគំនិតប្រាជ្ញា ធាត់ៗ មានសារៈសំខាន់ ដល់មនុស្សទាំងឡាយ សម្រាប់សិក្សារៀនសូត្រ និងត្រងយកទៅអនុវត្តជាប្រយោជន៍ សម្រាប់ជីវិត។

មួយវិញទៀត ពេលមានភ្លៀងធ្លាក់មកម្តងៗ កង្កែបលោតចេញមកលេងភ្លៀង យ៉ាងសប្បាយទ្រហឹងអឺងកង ឃើញមេឃដ៏សែនធំទូលាយ ក្នុងឧិកាសដែល មនុស្ស សត្វព្រៃ សត្វបក្សាបក្សីទាំងឡាយ បែរជានាំគ្នាគេចខ្លួនពីមេឃធំ រត់ចូលរូង ចូលសំបុក ពួនសំងំសុខ មិនហ៊ានសម្លឹងវាស់មើល ទំហំមេឃតទៅទៀត។ មិនតែប៉ុណ្ណោះ កង្កែបក៏បានឃើញមេឃរាំងមុនគេ ឃើញពណ៌ដ៏ស្រស់ស្អាត របស់ឥន្ទនូ ក៏មុនគេ រហូតដល់ស្រែកយំអឺងកងជាបន្តបន្ទាប់ ព្រមគ្នាជាមួយ ហ៊ីងគីង្គក់ក្អុកក្អាត់ ហៅមនុស្សសត្វផងទាំងពួង អោយចេញមកក្រៅ ដើម្បីទទួលពន្លឺនិងភាពទូលាយ របស់មេឃ សាជាថ្មី ម្តងទៀត។ ក្នុងករណីដែល សត្វកង្កែបអាចសាមគ្គីគ្នា ធ្វើជានាឡិកា ដើម្បីដាស់តឿន ពញ្ញាក់ស្មារតីមនុស្សសត្វ អោយមក សម្លឹងមើល សោភ័ណដ៏សោភា របស់មេឃ និងភពផែនដីក្រោយពេលភ្លៀងបាន ចុះយើងទាំងឡាយ ដែលជាមនុស្ស ដ៏មានសតិប្រាជ្ញា ស្មារតី យ៉ាងពណ្ណរាយ ហេតុអ្វីក៏នាំគ្នា សាងទដ្ឋិសែនចង្អៀតចង្អល់ ដៀលត្មះ សត្វកង្កែប មិនឈប់ឈរ ថាជាសត្វមានប្រាជ្ញាអន់ៗ មានសមត្ថភាពអន់ៗ មិនស្គាល់ទំហំមេឃ យ៉ាងនេះទៅវិញ? នៅពេលនេះ តើនរណាពិតប្រាកដ ដែលមិនស្គាល់ទំហំផ្ទៃមេឃ? តើសត្វកង្កែបជាសត្វខើចសមត្ថភាព មិនស្គាល់ទំហំមេឃ ឬក៏មនុស្សដែលនាំគ្នាត្មះតិះដៀល កង្កែបបាតអណ្តូង ជាអ្នកដែលខើចសមត្ថភាព ខ្វះការគិតពិចារណា អោយធំទូលាយ ដូចមេឃ??

ការគិតថមថយអវិជ្ជមាន ជាការពង្រួញ មេឃគំនិត អោយរួមតូច។ យ៉ាងណាមិញ មុននឹងយើងដៀលត្មះកង្កែប នោះយើងគួរបែរមើល ខ្លួនយើងសិន ថាយើងមានធ្លាប់ ពង្រួញមេឃគំនិត ទាំងឡាយ អោយរួញតូចខ្នាត មិនរីកចម្រើន ដុះដាលដែរឬទេ? ជួនកាល ការពិគ្រោះរបស់យើង មានដំណើរក្នុងខ្នាតតែមួយ តាមបែបបុរាណ គឺការគិតអវិជ្ជមាន ចំពោះកង្កែប (ការប្រមាថ) បំបាក់កម្លាំងចិត្តកង្កែប មិនបំបែកខ្នាត អោយមានមែកគំនិតប្រសើរៗ ច្រើនទៀត ដែលខុសបែបបទ​ផ្នត់គំនិតពីបុរាណក្នុងសង្គម រួចមកហើយ... មានន័យថា បើយើងនាំគ្នាគិតដៀលត្មះកង្កែប តែក្នុង បែបគំនិតមួយជ្រុង ដូចចាស់បុរាណ ធ្លាប់ស្តីថាស្គាល់មេឃប៉ុនគម្របឆ្នាំង​នោះ គឺយើងកំពុងភ្លេចខ្លួនហើយ ហើយក៏មិនបានយកឱកាស គិតស៊ីជម្រៅ បន្ថែមទៀតថា នៅក្នុងអណ្តូង មានអ្វីច្រើនណាស់ ដែលកង្កែប អាចមានឧិកាស ស្វែងរកបំប៉នខ្លួន អោយធំធាត់ ហើយយើងក៏ភ្លេចដែរថា កង្កែបក៏អាចលោតចេញមកក្រៅបាន ឃើញមេឃទូលាយ ដូចគេដូចឯងដទៃទៀត ជាធម្មតា មិនជាប់បាតអណ្តូងមួយជីវិត ឬ មានពិការភាព លោតទៅណាមកណា មិនបានឯណា? គឺកង្កែប ក៏មានឧិកាស ស្គាល់មេឃធំទូលាយ ដូចអ្នកដទៃទាំងឡាយនោះដែរ មិនមែនល្ងង់ឆោត ដូចដែលចាស់បុរាណខ្លះៗ ធ្លាប់បានគិតប្រមាថកង្កែប កន្លងមកនោះឡើយ។ មិនតែប៉ុណ្ណោះ បើយើងនាំគ្នា ប្រមូលដំណើរជីវិត គិតស្លុងតែក្នុងរចនាបទតែមួយ តាមបែបបុរាណ ដោយពុំមានការមិនកែប្រែ គឺមានន័យថា យើងកំពុងបង្ហាញ នូវសមត្ថភាពមិនរីកចម្រើនរបស់យើង-- នោះជាការបន្តគំនិតប្រមាថ អ្នកតូចទន់ទាប មិនព្រមកែប្រែអោយខ្លួន មានគំនិតគិតឃើញ ប្លែកជាងមុន ប្រសើរជាងមុន សូម្បីតែក្នុងសម័យកាល ដែលមនុស្សមានសេ​រីភាព ក្នុងការគិត ក្នុងការពង្រីកគំនិត អោយទូលាយ ក៏យើងនៅតែយល់ឃើញ មួយជ្រុងដដែល ដូចចាស់បុរាណពីដើម មិនឃើញមានបណ្តុះផ្នត់គំនិតថ្មីៗទៀត អោយប្រសើរឡើងជាងមុន ដោយមិនចាំបាច់ចោលពាក្យ ប្រមាថ បំបាក់កម្លាំងចិត្តមនុស្ស ដូចសម័យបុរាណនោះដដែល។

ម៉្យាងវិញទៀត សូមពិចារណាថែមផងថា ការប្រមាថមិនមែនជាការអប់រំឡើយ បីដូចជាគ្រូល្អដែលអប់រំសិស្ស លោកមិនដែលប្រមាថសិស្សណាម្នាក់ឡើយ មានតែជួយផ្តល់គំនិតនិងការណែនាំល្អៗ អោយសិស្សកាន់តែមានទឹកចិត្តបណ្តុះបណ្តាលខ្លួន អោយកាន់តែល្អប្រសើរឡើង ប៉ុណ្ណោះ។ ការអប់រំល្អពិតប្រាកដ គឺជាការផ្តល់មធ្យោបាយ ណែនាំផ្លូវជីវិត ប្រសើរប្លែកៗ ជួយអោយមនុស្សចេះងើបដើរ ងើបជួយខ្លួនឯង អោយរស់នៅ ដោយសុខសប្បាយ មានសន្តិ ហើយពួកគេទាំងនោះ ក៏មានចិត្តរីករាយសោមនស្សនឹងអនុវត្ត នូវពាក្យណែនាំ ល្អៗទាំងឡាយ ដែលគេបានទទួល ពិសេស ពាក្យពេចន៍ទាំងឡាយ ដែលពុំមានលាយឡំនូវ សំដីប្រមាថមើលងាយ បំបាក់កម្លាំងចិត្តអោយពួកគេឈឺចិត្ត ដេកមិនលក់ អស់ទឹកចិត្ត នឹងដើរទៅមុខទៀត ដោយសារពាក្យប្រមាថ ទាំងនោះឡើយ។

ដូច្នេះ យើងគប្បីសូមជួយនាំគ្នាគិត ជួយផ្សព្វផ្សាយគំនិត បន្ថែមថ្មីៗទៀត អោយប្លែក អោយល្អ អោយប្រសើរ ដល់សង្គម គឺគំនិតឬសំដី ដែលមិនបំបាក់ កម្លាំងចិត្ត អ្នកតូចទន់ទាប តទៅទៀត។ បើគ្នាទាប យើងជួយបង្រៀនគ្នាអោយតោង។ បើដៃគ្នាខ្លី យើងបង្រៀនគ្នាអោយឈោង ។ ជើងគ្នាទន់ខ្សោយ យើងបង្រៀនអោយគ្នាហ្វឹកហ្វឺនសាច់ដុំ ចេះស្រវាដើរឡើងភ្នំ ដោយសមត្ថភាពឯង។ សូមកុំប្រមាថអ្នកទន់តូចទាប ដោយសំដី ដើម្បីបំបាក់កម្លាំងចិត្ត ដូចផ្នត់ទំនៀមចាស់បុរាណខ្លះៗ ដែលធ្លាប់មានរួចមកហើយ ក្នុងការទម្លាប់ ដៀលប្រមាថ បំបាក់កម្លាំងចិត្ត របស់មនុស្ស មិនអោយងើបតតាំង តស៊ូអ្វី ក្នុងជីវិត អ្វីទាំងឡាយនោះ។

នេះគ្រាន់តែជាជ្រុងមួយ នៃគំនិតសម្រាប់ចែកពិចារណ៍ជាសាធារណ៍។ សូមអរគុណ ប្រិយមិត្តនិងញាតិទាំងអស់ ដែលជួយបន្ថែម មតិវិជ្ជមាន ដើម្បីការរីកចម្រើន បន្ថែមទៀត។

អ្នកស្រីកែវច័ន្ទបូរណ៍

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com