[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Special Khmer Poetry/Other LiteraturePosted: 2011-06-30 02:18:25   Replies: 0
ប្រវត្តិខេមរយានកម្ម

ប្រវត្តិខេមរយានកម្ម
http://chanbokeo.com/index.php?gcm=1411&grid=136777>op=5315
មានព៌តមានខ្លះៗ ដែលទាក់ទង ទៅនឹងលោកអ្នកប្រាជ្ញ អក្សរសាស្រ្ត ជំនាន់មុន ដែលបងប្អូនយើងជំនាន់ក្រោយ ចេះតែនាំគ្នា គិតច្រឡំរៀងៗ អំពីអ្នកប្រាជ្ញភាសាខ្មែរជំនាន់មុន ហើយចេះតែកើតចិត្ត ស្រឡាញ់អ្នកប្រាជ្ញមួយ ស្អប់អ្នកប្រាជ្ញមួយ ឬ ទិទៀនស្អប់អ្នកប្រាជ្ញមួយទៀត ក្នុងសង្គមខ្មែរយើង ព្រោះតែយើងពុំបានដឹង ឬពុំយល់ ច្បាស់ អំពីប្រវត្តិអ្នកប្រាជ្ញខ្មែរ និងប្រវត្តិអក្សរសាស្រ្តខ្មែរ នោះឯង។ ខ្ញុំសូមចែករំលែកព៌តមានខ្លះៗ តាមដែលខ្ញុំបានស្រាវជ្រាវ ពីលោកសាស្រ្តាចារ្យ អក្សរសាស្រ្តខ្មែរ ជំនាន់មុន ដើម្បីអភិរក្ស និងអភិវឌ្ឍ អក្សរសាស្រ្ត យោងទៅតាម សេចក្តីត្រូវការរបស់សង្គមយើង នាបច្ចុប្បន្ននេះ ៖

1/ សម្តេចព្រះសង្ឃរាជ ជួនណាត បានទទួលពានរង្វាន់ បណ្ឌិត្យផ្នែកអក្សរសាស្រ្ត ពីគណកម្មការ អក្សរសាស្ត្រ អក្សរសិល្ប៍ខ្មែរ ប្រចាំរាជាណាចក្រ កម្ពុជា នៅឆ្នាំ១៩៦៧ ។ រីគណកម្មការ មេប្រយោគ ដែលផ្តល់ពិន្ទុ លើសមត្ថភាព ផ្នែកអក្សរសាស្រ្ត របស់ព្រះសង្ឃរាជ ជួនណាត នោះមាន លោកបណ្ឌិត ភឹងតុន ជាប្រធាន និង បណ្ឌិត កេងវ៉ាន់សាក់ លោកញ៉ុកថែម និង លោកដួងសារិន ជា សមាជិកគណកម្មការ។

2/ គណកម្មការ ខេមរយានកម្ម បានត្រូវបង្កើតឡើង នៅចុងសម័យសង្គមរាស្រ្តនិយម រវាងឆ្នាំ១៩៦៧-១៩៦៩ (ក្រោយពីសម្តេចជួនណាត សុគតទៅ មុនរបបសាធារណរដ្ឋខ្មែរ ដឹកនាំដោយលោកលន់នល់ ចូលមកដល់) ដើម្បីបំបែកនិងបង្កើតភាសាខ្មែរ បន្ថែមទៀត សម្រាប់ប្រើនៅក្នុង ការសិក្សាជាន់ខ្ពស់ ខាងអក្សរសាស្រ្ត នៃ គណិតវិទ្យា គីមី រូបវិទ្យា ធម្មជាតិវិទ្យា វិស្វកម្ម ស្ថាបត្យកម្ម វេជ្ជវិជ្ជា(ឬវេជ្ជវិទ្យា) ជីវវិទ្យា ចិត្តវិទ្យា សរិរវិទ្យា បច្ចេកវិទ្យា និងវិជ្ជាឯកទេស ជាច្រើនមុខទៀត។ ក្រុមគណកម្មការនេះ មានសមាជិកចម្រុះ មកពីគ្រប់សាខា គ្រប់ឯកទេស ក្នុងកម្ពុជា ជាច្រើនរូប។

នៅកំឡុងពេលនោះ លោក ហង្សធុនហាក់ បានត្រូវគេជ្រើសរើស តែងតាំង ជាប្រធាន របស់គណកម្មការ ដ៏ទូលាយនោះ ដោយមានសមាជិក ជាងម្ភៃនាក់ ចូលរួមផង មានរួមដូចជា សម្តេចសង្ឃរាជ ហួតតាត (ដែលបន្តវេនការងារ ពីសម្តេចសង្ឃរាជ ជួនណាត) សម្តេចព្រះវនរ័តន៍ ប៉ុន សមភាចន៍ (ជាព្រះគ្រូមួយអង្គរបស់ខ្ញុំ) សាស្រា្តចារ្យលុចប្លែង លោកតែម៉េងហាប់ លោកព្រំសំអារ លោកស៊ុំឈុំ លោកដួងសារិន លោកព្រំនួនថុល លោកលាងហាប់អាន លោកកែវចែម លោកបួរខាំម៉ៅ លោកម៉ៃលន់ លោកង៉ូវវ៉ា លោកគង់អ៊ន លោកវ័ណ្ណម៉ូលីវ័ណ្ណ អ្នកតំណាងសមាគមបុគ្គលិកសិក្សា៣រូប អ្នកតំណាងសមាគមសាស្រ្តាចារ្យខ្មែរពីររូប ជាដើម។ នៅក្នុងចំណោម សមាជិក គណកម្មការ ខេមរយានកម្ម ទាំងឡាយនោះ ពុំមាន លោកបណ្ឌិត្យ កេងវ៉ាន់សាក់ ចូលរួម ជាសមាជិកទេ។ ម៉្យាងវិញទៀត សមាជិកទាំងឡាយ នៃ គណកម្មការ ខេមរយានកម្ម បានធ្វើមរណកាលទៅ ស្ទើរទាំងអស់ នៅសល់តែ លោកវ័ណ្ណម៉ូលីវ័ណ្ណ និង លោកលុចប្លែង ដែលរស់នៅ ប្រទេសបារាំង សព្វថ្ងៃនេះ។

ការពិត សម្តេចសង្ឃរាជជួនណាត មិនដែលបដិសេធ ការវិវឌ្ឍន៍នៃភាសាខ្មែរនោះឡើយ។ នៅក្នុងសមាជជាតិឆ្នាំ១៩៦៧ ពេលលោកបានទទួលពានមាស ជាបណ្ឌិតផ្នែកអក្សរសាស្រ្ត ពីក្រមអក្សរសាស្ត្រ និង ក្រសួងសិក្សាធិការជាតិ ដែលមានលោកកេងវ៉ាន់សាក់ ជាប្រធានកិត្តិយស សម្តេចសង្ឃរាជបានសម្តែង ការលើកទឹកចិត្តនិងគាំទ្រ ដល់គណកម្មការ ខេមរនីយកម្ម ដោយមានលោក ហង្សធុនហាក់ ជាប្រធាន អោយនាំគ្នាបន្តវេន ខិតខំបង្កើតវចនានុក្រមភាសា បកប្រែសៀវភៅសិក្សាទាំងឡាយ ពីភាសាបារាំង មកជាខ្មែរទាំងអស់។ ចៃដន្យ សម្តេចសង្ឃបានធ្វើមរណកាលទៅ ដោយពុំបាន នៅឃើញលទ្ធផល នៃការសរសេរចងក្រងវចនានុក្រម ជាច្រើនក្បាលទាំងឡាយនោះឡើយ។ មានតែសមាជិកជំនាន់ក្រោយៗ មកទៀតទេ ដែលយកឈ្មោះព្រះអង្គ មកលាប ក្នុងការបញ្ចេញមតិ អត្តនោម័តរបស់គេ ថាព្រះអង្គបានបដិសេធ ក្រមការភាសាខេមរនីយកម្ម ថាជាពួកជ្រុលនិយម។

រីឯការបកប្រែសៀវភៅបារាំង មកជាភាសាខ្មែរ មានសមាជិកគណកម្មការខ្លះ ចង់បកជាភាសាបាលី តែក្រមការទូលាយ បានបញ្ចេញមតិជំទាស់ថា ភាសាបាលីសំស្ក្រឹត ក៏ជាភាសាបរទេសដែរ ហើយភាសានេះ ជួនកាលមិនអាច មានពាក្យត្រឹមត្រូវគ្រប់គ្រាន់សម្រាប់ប្រែ ភាសាបារាំងឡើយ ជាពិសេស ក្នុងផ្នែកវិទ្យាសាស្រ្ត ទើបគេរក្សា អោយនៅខ្នាតដើម ដូចពាក្យថា ម៉ែត្រ តោន លីត្រ អុកស៊ីសែន អេឡិចត្រូនិច និងពាក្យវិទ្យាសាស្រ្ត រាប់លានពាក្យ ដទៃទៀត។ ចំណែក ការបកប្រែខ្លះទៀត គេប្រើជាភាសាខ្មែរសុទ្ធ ហើយក៏នៅមានប្រើ រហូតដល់សព្វថ្ងៃ ថ្វីបើមានមនុស្សរិះគន់ថា មិនប្រើបាលី ជាគ្រិះក៏ដោយ។ តាមពិត គោលបំណង នៃការប្រែភាសាខេមរយានកម្ម គឺការបង្កើតពាក្យខ្មែរ ងាយៗស្រួលប្រើ ហើយឆាប់យល់ ជាងប្រើបាលី សំស្ក្រឹត ដែលមានការពិបាក សម្រាប់ខ្មែរទូទៅប្រើ ព្រោះវាជាភាសាកម្ចី ពិបាកតាមរកវចនានុក្រម បាលីសំស្ក្រឹត បកប្រែមួយជាន់ទៀត ទម្រាំនឹងដល់ភាសាខ្មែរខ្លួនឯង។

បើនិយាយអោយពិត គណកម្មការខេមរយានកម្ម ជាក្រមការដែល យើងគួរគោរពជាងគេបង្អស់ នៅក្នុងប្រវត្តិ អក្សរសាស្រ្តខ្មែរ ព្រោះពួកលោក ជាអ្នកកែប្រែ ប្រព័ន្ធសិក្សានិងការរស់នៅរបស់ខ្មែរ ពីការកៀបសង្កត់ របស់អាណានិគមបារាំង ហើយបានបង្កើនការប្រើភាសាខ្មែរ ក្នុងការសរសេរ និងការប្រើប្រស្រ័យ ទាក់ទងសន្ទនា ប្រចាំថ្ងៃ បានច្រើន ជាងពេលណាទាំងអស់ ក្នុងប្រវត្តិសាស្ត្ររបស់យើង។ កាលជំនាន់មុន ភាសាខ្មែរមានប្រើតែជាភាសានិយាយ និង ភាសាសរសេរតិចតួច នៅតាមភូមិ រស់នៅសាមញ្ញៗទេ ប៉ុន្តែ ពុំមានប្រើនៅក្នុងសាលារៀនឡើយ។ កាលណោះ នៅក្នុងវត្ត គេរៀនអ្វីៗជាភាសាបាលី និងសំស្រ្តឹតជាជាង ដើម្បីអានគម្ពីរបីតក អោយដាច់ នឹងអាលប្រមូលយកគំនិត មកចែកគ្នាដឹងហើយអនុវត្តន៍តាមភូមិ ដើម្បីបង្កើនជីវិតរស់នៅ អោយមាន សន្តិនិងគុណធម៌ល្អប្រពៃ។ ចំណែក នៅក្នុងសាលារាជការវិញនោះ គេរៀនអ្វីៗ ជាភាសាបារាំងទាំងអស់ វៀរលែងតែ ថ្នាក់អក្សរសាស្រ្តខ្មែរមួយមុខវិជ្ជាគត់។ ក្រោយពីខេមរូបនីយកម្ម បានបង្កើតឡើង សិស្សានុសិស្ស និង និស្សិត នៅសាលារៀនទាំងឡាយ គ្រប់ជាន់ថ្នាក់ រៀនជា ភាសាខ្មែរទាំងអស់ ហើយសៀវភៅសិក្សាទាំងឡាយ គ្រប់មុខវិជ្ជា ក៏ត្រូវបានប្រែជាខ្មែរគ្មានសល់ឡើយ។ រីឯអនុភាពនៃការប្រើ ភាសាខេមរយានកម្ម ក៏បានលាតសាយឥទ្ធិពល យ៉ាងខ្លាំងក្លាអស្ចារ្យ លើជីវិតខ្មែរ តរហូតមកដល់សព្វថ្ងៃនេះ។

រួមសេចក្តីមក ភាសាខ្មែរ ដែលខ្មែរភាគច្រើនបានស្គាល់ បានប្រើប្រាស់គ្រាំគ្រេង ពេញនគរ តាមរយៈសំណេរ គំនិត និងវិជ្ជាសព្វយ៉ាង គឺតាមរយៈ ភាសាខេមរយានកម្ម មិនមែនតាមរយៈ វចនានុក្រមរបស់ សម្តេចសង្ឃជួនណាតឡើយ ហើយក្រមការនេះសោត ក៏បានលុបបំបាត់ ឥទ្ធិពលនៃការប្រើភាសាបារាំង នៅក្នុងសាលា និងបានរំសាយ វប្បធម៌បារាំង ចេញពីសង្គមខ្មែរ តាមរយៈការសិក្សាខេមរយានកម្ម នេះឯងដែរ។

អ្វីដែលខុសប្លែកគ្នា រវាងក្រមការអក្សរសាស្ត្រខ្មែរ ដែលមានសម្តេចសង្ឃរាជ ជួនណាត ជាប្រធាន និងក្រមការ ខេមរយានកម្ម ដែលមានលោកហង្សធុនហាក់ ជាប្រធាន គឺ ក្រមការជំនាន់ សម្តេចជួនណាត មានសមាជិក សុទ្ធតែជាព្រះសង្ឃ ជាងម្ភៃអង្គ ជាមេគណល្បីល្បាញ ខាងអក្សរសាស្រ្ត និមន្តមកពីខេត្តក្រៅ មកចូលរួមការស្រាវជ្រាវចងក្រង ភាសាខ្មែរ ជាវចនានុក្រមឡើង តែពុំមានសាស្ត្រាចារ្យ ពីមហាវិទ្យាល័យផ្សេងៗ ឬ ពីការិយាល័យរាជការ មកចូលរួមម្នាក់ឡើយ។ ចំណែកឯ វចនានុក្រមខ្មែរ ដែលប្រសូត្រ បានមកនោះ ក៏ពុំមែនជាស្នាដៃ របស់ សម្តេចសង្ឃរាជ ជួនណាត តែមួយព្រះអង្គឯងដែរ តែគឺជាសមូហកម្មសិក្សា និងស្រាវជ្រាវ របស់ ព្រះសង្ឃអ្នកប្រាជ្ញខ្មែរ ជាច្រើនអង្គ រួមគ្នា ដូចជា សម្តេចព្រះវនរតន៍ ប៉ាងខាត់ សម្តេចព្រះវនរតន៍ ហួតតាត សម្តេចព្រះវនរតន៍ ប៉ុនសមភាជន៍ ជាដើម។

ចំណែកក្រមការខេមរយានកម្មវិញ ក៏មានសមាជិក ជាព្រះសង្ឃរាជខាងអក្សរសាស្ត្រខ្មែរ ជាច្រើនអង្គ ប៉ុន្តែអ្វីដែលខុសគ្នា ពីគណកម្មការសម្តេចជួនណាត គឺ ចំនួនសមាជិកគណកម្មការជាច្រើនទៀត ជាបណ្ឌិត្យសាស្ត្រាចារ្យ និង អ្នកឯកទេស ដែលមាន មុខជំនាញឯកទេសសិក្សា ប្លែកៗគ្នា មកពីមហាវិទ្យាល័យនានា មកពីក្រៅប្រទេស និង ក្នុងប្រទេស មកចូលរួមជាច្រើននាក់ ដើម្បីកកាយអភិរក្ស និង អភិវឌ្ឍន៍ អក្សរសាស្ត្រខ្មែរ អោយកាន់តែមានការរីកចម្រើន និង មានសុពលភាពបរិបូណ៌ សម្រាប់ជាយានសិក្សា បង្កើនវិជ្ជា និងការចេះដឹង ដល់សិស្ស ជំនាន់ក្រោយ អោយកាន់តែខ្លាំង លើសសម័យមុនៗ ដែលខ្មែរយើង ធ្លាប់ខ្ចីភាសាបរទេស (ដូចជាភាសាបាលី ភាសាបារាំង ភាសាអង់គ្លេស ជាដើម) មកធ្វើជាយានសិក្សា ពង្រីកវិជ្ជា និងការចេះដឹងរបស់ខ្លួន។ លោកជាសមាជិកគណកម្មការ និមួយៗ រមែងខំប្រឹង ពង្រឹងពង្រីកភាសាជាតិខ្មែរ អោយកាន់តែមានឥទ្ធិពលខ្លាំង កុំអោយនាំគ្នា​ឈូឆរ ចាប់យកភាសាបរទេស មិនថា បាលីសំស្ក្រឹត បារាំង អង់គ្លេស ចិនយួនលាវថៃ ហើយក៏នាំគ្នា បង្អាប់បង្អោន ភាសារបស់ខ្លួនឯង អោយទន់ទាប ហាក់គ្មានតម្លៃទាល់តែសោះ នោះតទៅទៀត។

នៅឆ្នាំសិក្សា ១៩៦៨-១៩៦៩ គណកម្មការ ខេមរយានកម្ម បានសម្រេចបញ្ចេញ ការប្រើអក្សរនិងភាសាខ្មែរ នៅក្នុងការសិក្សា កម្រិត មហាវិទ្យាល័យ វិទ្យាល័យ និងអនុវិទ្យាល័យ ពេញផ្ទៃកម្ពុជា ព្រោះ នៅជំនាន់មុននោះ មានតែការសិក្សា នៅកម្រិត បឋមសិក្សាទេ ដែលមានប្រើអក្សរខ្មែរ ជាយាន សម្រាប់បង្រៀនវិជ្ជា ទៅពលរដ្ឋខ្មែរ តាមរយៈ សាលារៀនជាតិ។ ក្រៅពីនោះ ចាប់ពីកម្រិតសិក្សា ត្រឹមអនុវិទ្យាល័យ ឡើងទៅ គេបង្រៀនមុខវិជ្ជាផ្សេងៗ ជាភាសាបារាំងទាំងអស់ ទាំងសរសេរនិងនិយាយ លើកលែងតែ ថ្នាក់អក្សរសិល្ប៍ខ្មែរមួយទេ ដែលគេប្រើភាសាខ្មែរ ក្នុងការបង្ហាត់បង្រៀន។

គណកម្មការខេមរយានកម្មនេះ បានធ្វើការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ អក្សរសាស្រ្តខ្មែរ យ៉ាងជឿនលឿន ជាងពេលណាៗ ទាំងអស់ ក្នុងប្រវត្តិសាស្ត្រខ្មែរ ហើយការប្រើប្រាស់អក្សរខ្មែរនេះ បានធ្វើអោយឥទ្ធិពល ភាសាបរទេស បានសាបរលាបទៅវិញ ពីសង្គមខ្មែរ បន្តិចម្តងៗ ស្ទើរលាយអស់រូបទៅវិញ យ៉ាងប្រសិទ្ធ រហូតដល់ថ្ងៃចុងក្រោយ ដែលប្រទេសខ្មែរ ធ្លាក់ចូលក្នុងកណ្តាប់ដៃ នៃរបបកុម្មុយនីស្ត នៅឆ្នាំ១៩៧៥។ នៅពេលនោះ សាលារៀនទាំងឡាយ គ្រប់ជាន់ថ្នាក់ បានត្រូវបិទទ្វារចោល។ សៀវភៅសាស្រ្តាទាំងឡាយ បានត្រូវដុតបំផ្លាញជាផេះគ្មានសល់។ ចំណែកអ្នកប្រាជ្ញខ្មែរ ទាំងឡាយ ក៏បានត្រូវ ពួកកុម្មុយនីស្ត ធ្វើទារុណកម្ម យ៉ាងវេទនា រួចហើយ ក៏ត្រូវគេប្រហារជីវិតចោល ដោយឥតស្តាយស្រណោះ។ មិនត្រឹមតែ អ្នកប្រាជ្ញខ្មែរ ខាងអក្សរសាស្រ្ត តែប៉ុណ្ណោះទេ ដែលត្រូវគេសម្លាប់ នរណាក៏ដោយ អោយតែចេះអាន ចេះសរសេរ ចេះនិយាយ ភាសា ឬមានកម្រិតវិជ្ជា លើសពីបឋមសិក្សាឡើងទៅ ត្រូវគេធ្វើឃាដទាំងអស់ អោយតែគេ បានដឹងពីប្រវត្តិ កម្រិតវិជ្ជា និងការសិក្សា របស់ជននោះ។ ថ្វីបើយ៉ាងនេះក៏ដោយ ក៏ស្នាដៃដ៏ល្អប្រណីត របស់ គណកម្មការ ខេមរយានកម្ម បាននៅសេសសល់រស់រវើក ជាកេរមរតក ដល់កុលបុត្រ ខ្មែរ ជំនាន់ក្រោយ ប្រើបន្តរៀងមក រហូតដល់សព្វថ្ងៃនេះ យ៉ាងមហិមាដដែល ជាពិសេស ភាសាខ្មែរទាំងឡាយ ដែលយើងប្រើ នៅក្នុងមហាវិទ្យាល័យ វិទ្យាល័យ និងអនុវិទ្យាល័យ នៅក្នុងមុខវិជ្ជាផ្សេងៗ គឺនៅតែបន្តដដែល មិនថមថយ ឥទ្ធិពលរបស់ខ្លួន គឺស្មើដូចកាលពីជំនាន់ ១៩៧០-១៩៧៥ គ្មានផ្លាស់ប្តូរបន្តិចឡើយ។

ដូច្នេះ បើយើងទាំងឡាយ នាំគ្នា ក្រឡេកបែរមើល ប្រវត្តិអក្សរសាស្រ្តខ្មែរ ពីជំនាន់សម្តេចជួនណាត រហូតមកដល់ ថ្ងៃ១៧មេសា១៩៧៥ អ្នកប្រាជ្ញខ្មែរ ទាំងឡាយ ជំនាន់នោះ ធ្វើការរួមគ្នា ស្រាក់ដៃទាំងក្រុមៗ យ៉ាងសស្រាក់សស្រាំ ដើម្បី ការអភិរក្ស និងអភិវឌ្ឍន៍ អក្សរសាស្រ្ត ជាតិខ្មែរណាស់ មិនថា គោលជំហរ នយោបាយ របស់ប្រទេសខ្មែរ បានផ្លាស់ប្តូរ យ៉ាងណាឡើយ។ ចៃដន្យ បច្ឆាជនខ្មែរ ជំនាន់ក្រោយ បែរជានាំគ្នា លាបព៌ណ នៃសេចក្តីស្រឡាញ់ ឬសេចក្តីស្អប់របស់ខ្លួន ទៅលើអ្នកប្រាជ្ញខ្មែរ និមួយៗ ទាំងឡាយនេះ ដោយព្រោះតែការ ដែលខ្លួនដឹងមិនច្បាស់ ចេះតែនាំគ្នា ស្រឡាញ់អ្នកប្រាជ្ញមួយ ថ្កោលទោសអ្នកប្រាជ្ញមួយទៀត ស្ទើរតែគ្រប់គ្នា ហើយចេះតែនាំគ្នាគិតថា នរណាក៏ដោយ អោយតែសរសេរខ្មែរ ខុសពីអ្វី ដែលសម្តេចសង្ឃរាជ បានចងក្រង ទុក គឺចាត់ទុកជាពិរុទ្ធ ដែលគួរថ្កោលទោស គ្រប់វេលា ហើយនាំគ្នា ប្រមាថ មាក់ងាយស្នាដៃ អ្នកប្រាជ្ញ ដទៃ ទៀតទាំងនោះ ថាមិនរក្សា អភិរក្ស អក្សរសាស្រ្តជាតិ។

ម៉្យាងទៀត យើងមានការយល់ភ័ន្តច្រឡំ ស្ទើរគ្រប់គ្នាដែរថា វចនានុក្រម ដែលយើងមានប្រើ នៅក្នុងសង្គមខ្មែរសព្វថ្ងៃនេះ ជាស្នាដៃរបស់ សម្តេចជួនណាត តែមួយព្រះអង្គឯង តែការពិត គឺជាស្នាដៃ របស់ក្រុមអ្នកប្រាជ្ញខ្មែរ ជាច្រើននាក់ រួមបញ្ចូលគ្នា ដោយមាន សម្តេចព្រះសង្ឃរាជជួនណាត ជាប្រមុខ។ ដូច្នេះ បើសិនជាយើងទាំងឡាយ នាំគ្នា ស្រាវជ្រាវ ហើយពិចារណា ហេតុផល បានស្គាល់ បានដឹង ច្បាស់លាស់នោះ យើង នឹងលែងមាន Favoritism គឺការនិយមចូលចិត្ត យោងបែបលក្ខណៈ បុគ្គលនិយម ទៀតហើយ ហើយនឹងបែរខ្លួន ទៅប្រកាន់យក នូវមោទនភាព យ៉ាងខ្ពង់ខ្ពស់ ទៅលើតម្លៃ អក្សរសាស្រ្តជាតិ ជាជំហរកណ្តាល ជំនួសវិញ គឺការប្រមូលផ្តុំអភិរក្ស និងអភិវឌ្ឍអក្សរសាស្រ្តខ្មែរ ដែលអ្នកប្រាជ្ញខ្មែរជាច្រើន បានសម្រក់ឈាមញើស របស់លោក សម្រាប់ទុកជាកេរ្តិ៍ ចែកចាយ ដល់កូនចៅ ជំនាន់ក្រោយៗ មុននឹងលោកចែកស្ថាន ចាកឆ្ងាយពីយើងទៅ។ វិញ្ញាណក្ខ័ន្ធ របស់លោកច្បាស់ជាអាចញញឹម ហើយបានទទួល នូវភាពស្ងប់សុខ ជាក់ជាមិនខាន បើសិនជាកូនចៅ របស់លោក ជំនាន់ក្រោយៗ អាចបង្ហាញ នូវសាមគ្គីភាព និងមោទនភាព ចំពោះភាសា របស់ខ្លួន យ៉ាងទូលំទូលាយ ថ្កុំថ្កើង ជាជាងផ្តល់ទំនោរ មោទនភាព របស់ខ្លួន ទៅលើបុគ្គលនិយម និង ភាសាបរទេស តែមួយជ្រុង ហើយក៏ឈប់ថ្កោលទោស លោកទាំងឡាយទៀត ដែលសម្រក់ញើស ដើម្បីតម្កល់តម្កើង ភាសាជាតិ ថាជាជន មិនអភិរក្ស អក្សរសាស្រ្តខ្មែរ តទៅទៀតដែរ។

សមាជិកគន្ថការីនិងសាស្រ្តាចារ្យពិគ្រោះ ៖
លោកសាស្ត្រាចារ្យបណ្ឌិត ឃឹង ហុកឌី លោកសាស្រ្តាចារ្យ អ៊ូប៉េងសាន លោកសាស្រ្តាចារ្យ គីមមាសកូយ លោកសាស្រា្តចារ្យ អួន នឿង បណ្ឌិត្យឃូគីមទូយ អ្នកស្រីសាស្រ្តាចារ្យនៅសារិម អ្នកស្រីសាស្រ្តាចារ្យ អៀងម៉ាឡា ។
ឯកសារពិគ្រោះ ៖
ជយោ!ភាសាខ្មែរ! = របាយការណ៍ ផ្សាយចេញពីគណកម្មាធិការអចិន្ត្រៃយ៍ នៃសមាគមចម្រុះ ភ្នំពេញ ឆ្នាំ១៩៦៧
http://chanbokeo.com/imgdocs/taprum_17774813.pdf

ដោយ អ្នកស្រី កែវ ច័ន្ទបូរណ៍

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com