[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Author: Keo Chanbo:Insprirational StoriesPosted: 2011-06-02 01:41:04   Replies: 0
រឿងនរកនិងសួគ៌

រឿងនរកនិងសួគ៌

មានកុមារម្នាក់សួរទៅព្រះអាទិទេពថា ៖
- ព្រះអង្គ! តើអ្វីទៅជាឋាននរក អ្វីទៅជាឋានសួគ៌?
ព្រះក៏មានបន្ទូលតបវិញថា ៖
- ដើម្បីនឹងស្គាល់ច្បាស់ សូមកុមារ ធ្វើដំណើរទៅជាមួយយើង ទៅមើលទីនោះដោយផ្ទាល់ភ្នែក ទើបប្រសើរ។

កុមារឭភ្លាម សប្បាយចិត្តណាស់ ក៏ដើរតាមក្រោយ ជំហានព្រះអាទិទេព ទៅដល់ភូមិមួយ ក៏បានប្រទះឃើញ មនុស្សម្នា ជាច្រើន នាំគ្នាអង្គុយ កាន់វែកដែក ដែលមានដងវែង ជាងពីរម៉ែត្រ ម្នាក់មួយៗ ដំកង់ជុំវិញខ្ទះសម្ល ដែលមានក្លិន ឈ្ងុយឆ្ងាញ់បំផុត។ ចៃដន្យអ្វី មនុស្សទាំងឡាយនោះ បែរជាមានរូបរាងស្គាំងស្គម ទឹកមុខក្រញូវ មិនសប្បាយរីករាយ ទាល់តែសោះ។ គេម្នាក់ៗ ខំប្រឹងតស៊ូ តែម៉្យាងគត់ គឺប្រវេប្រវា យកវែកដែកដងវែងនោះ ដណ្តើមគ្នា កៀរកូរដង ទឹកស៊ុបអាហារ ដើម្បីបញ្ចុកមាត់ខ្លួន ប្រទាក់វែកនឹងគ្នា ទៅវិញទៅមក រហូតដល់ កំពប់ទឹកសម្ល យ៉ាងរហេចរហាច ពាសក្តារក្រាល មិនសូវបានចូលមាត់ពួកគេ ប៉ុន្មានឡើយ។ មិនតែប៉ុណ្ណោះ មានខ្លះខឹងរឿងប្រទាក់វែកគ្នា រហូតដល់យកវែក វាយគ្នា ទៅវិញទៅមក យ៉ាងកោលាហល ជាទីបំផុត។

ពេលនោះ ព្រះអាទិទេព មានបន្ទួលប្រាប់កុមារថា៖
- ទីនេះនេះហើយ ដែលហៅឋាននរក!

បន្ទាប់មក កុមារបានដើរតាមព្រះអាទិទេព រហូតទៅដល់ទីធ្លា នៅភូមិមួយទៀត ដែលមាន មនុស្សម្នា ជាច្រើន កាន់វែកដែក មានដងវែងជាងពីរម៉ែត្រ ម្នាក់មួយៗ អង្គុយដំកង់ជុំវិញខ្ទះសម្ល ដែលមានក្លិន ឈ្ងុយឆ្ងាញ់បំផុត ដូចភូមិមុនដែរ។ ប៉ុន្តែ នៅទីនេះ មនុស្សម្នាក់ៗ បែរជាមានទឹកមុខញញឹម មានភាពរីករាយរួមគ្នា ហាក់បីដូចជាគ្រួសារ តែមួយ ព្រោះសមាជិកនិមួយៗ មានកិរិយាសន្តិ ក្សេមក្សាន្ត មិនមានឈ្លោះវាយតប់គ្នា ប៉ុងប៉ាំងដូចសង្គម មុននេះឡើយ។

បែរមើលទៅ ក្តារក្រាលវិញ ក៏រលោងស្អាត ពុំតំណក់ទឹកឬកាកសម្ល ជ្រុះធ្លាក់ប្រឡាក់ សូម្បីបន្តិច។ ចំណែក អ្នកទាំងឡាយនោះវិញ ក៏កាន់វែកដួសម្ល ដួសតាមសម្រួល មិនប្រញិបប្រញាប់ មិនកូរកៀរកើប កញ្ឆក់កណ្តៀត ដូចភូមិមុនសោះដែរ។

ពេលនោះ ព្រះអាទិទេព មានបន្ទូលប្រាប់ថា ៖
- កន្លែងនេះហើយ ដែលហៅថា ឋានសួគ៌!

កុមារក៏សួរទៅព្រះអាទិទេព ទាំងទឹកមុខងឿងឆ្ងល់ថា ៖
- ចុះហេតុអ្វីកន្លែងនេះ អាចក្លាយជាឋានសួគ៌ ខុសពីភូមិមុន ដែលយើងបានទៅឃើញ?

ព្រះអាទិទេព តបទាំងញញឹមថា ៖
- មកពីមនុស្សកន្លែងនេះ គេសាមគ្គីប្រវាសដៃគ្នា ដួសអាហារ ដោយការដាក់វេនគ្នា តាមលំដាប់លំដោយ មានរបៀប មិនមានប្រទាក់ដងវែក កំពប់សម្លទៅលើក្តារឡើយ។ គេមិនរវល់ដណ្តើមគ្នា យកមុនយកក្រោយទេ គឺគេជួយ អ្នកដែលជួយខ្លួនឯងមិនបាននោះ ជាមុនសិន ដូចជាកុមារ ជនពិការជរា ឬអ្នកជំងឺ ។ល។ បន្ទាប់មក ទើបគេជួយ អ្នកដែលគួរទទួលបុណ្យបន្ត គឺ ចែករំលែកនាទី របស់ខ្លួនគេ តាមដែលអាចធ្វើបាន ដោយមិនមាន ការមើលបំណាំ ឬមានចិត្តលោភលន់ ចង់បានតែម្នាក់ឯង មិនចេះស្កប់ស្កល់ ដូចជាសមាជិក នៅឋាននរកឡើយ។ ហើយបើសិនជាមាន តំណក់ឬកាកសម្ល កំពប់ធ្លាក់លើក្តារក្រាល ដោយអចេតនា នោះគេនាំគ្នា ហុចដៃជួយជូតសំអាត រហូតដល់ក្តារផ្ទះ បានស្អាតដូចដើមវិញ​ ដោយគ្មានការរអ៊ូរទាំ បន្ទោសគ្នា ទៅវិញទៅមក។ ដោយសារមូលហេតុទាំងនេះហើយ ទើបសង្គមគេរស់នៅ យ៉ាងសុខក្សេមក្សាន្ត ត្រកុំត្រកាលរុងរឿង!!

អ្នកស្រី កែវ ច័ន្ទបូរណ៍

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com