[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
តំបន់ទេសចរណ៍ Tourist sitesPosted: 2011-01-15 12:56:21   Replies: 0
ជ្រលងបព្វតាខេត្តបាត់ដំបង

ខេត្តបាត់ដំបងជាខេត្តមួយដែលមាន សក្តានុពលយ៉ាងច្រើនដើម្បីទាក់ទាញ ភ្ញៀវ ទេសចរឱ្យចង់មកទស្សនាខេត្ត នៅភាគខាងលិចមួយនេះ ។ នៅពេល ថ្មីៗនេះ អាជ្ញាធរ ខេត្តក៏ដូចជាក្រសួង ទេសចរណ៍ក៏បានខិតខំធ្វើយ៉ាងណា ដើម្បីឱ្យខេត្តបាត់ដំបងក្លាយជាប៉ូលទេសចរណ៍ទី ៥ របស់ប្រទេសកម្ពុជា បន្ទាប់ពីប៉ូលទេសចរណ៍មួយចំនួនដែល បានកំណត់រួចមកដូចជា ប៉ូលទេសចរណ៍សៀមរាបអង្គរ ប៉ូលទេសចរណ៍រាជធានី ភ្នំពេញ តំបន់ឆ្នេរសមុទ្រ និង ប៉ូលទេសចរណ៍ធម្មជាតិភូមិភាគឦសាន ។ ក្នុងនោះ ជ្រលងបព្វតាក៏បានដើរតួជារមណីយដ្ឋានមួយដើម្បីនាំខេត្ត បាត់ដំបងឱ្យឈានទៅដល់ ប៉ូលទេសចរណ៍ទី ៥ របស់ទេសចរណ៍កម្ពុជាយើងផងដែរ ។

បើយើងចង់ទៅកម្សាន្តលម្ហែកាយនៅកសិដ្ឋាន ជ្រលងបព្វតា យើងត្រូវចេញពីក្រុងបាត់ដំបងតាមផ្លូវ ជាតិលេខ ៥៧ អតីតផ្លូវជាតិលេខ១០ ហើយបត់ត្រង់ ចំណុចផ្សារចៀវ នោះយើងនឹងបានឃើញស្លាកសញ្ញា បង្ហាញផ្លូវរួចបន្ត ដំណើរលើផ្លូវក្រួសក្រហមប្រមាណ ១៥ គីឡូម៉ែត្រទៀត យើងនឹងបានដល់គោលដៅ ។ កសិដ្ឋានជ្រលងបព្វតា ហៅម៉្យាងទៀតថារមណីយដ្ឋានជ្រលងបព្វតា បានចាប់បដិសន្ធិឡើងនាឆ្នាំ ២០០៤ ក្នុងឃុំផ្លូវមាស ស្រុករតនមណ្ឌល កំពុងដណ្តើមបានប្រជាប្រិយភាពដ៏ត្រចះត្រចង់ពីរមណីយដ្ឋានជា ច្រើនក្នុងខេត្តបាត់ដំបងទាំងមូល ។

ជារៀងរាល់ថ្ងៃបុណ្យទានធំៗម្តងៗ ជាពិសេសរដូវ ភ្ជុំបិណ្ឌ និង បុណ្យជាតិផ្សេងៗ មានមនុស្សម្នាគ្រប់មជ្ឈដ្ឋាន គ្រប់វ័យតែងមកកម្សាន្តទីនេះយ៉ាងច្រើនកុះករ ។
តាមពិត ទីឋានដែលប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងចាប់អារម្មណ៍នេះសមមានឈ្មោះថាជារមណីយដ្ឋាន មិនគួរ ដាក់ឈ្មោះថាកសិដ្ឋាននោះទេ ប៉ុន្តែបញ្ហានេះ ត្រូវបានម្ចាស់កសិដ្ឋានបកស្រាយថា កាលដែលលោកឱ្យឈ្មោះថា កសិដ្ឋានបែបនេះព្រោះនៅប្រទេសដែលរីកចម្រើនមួយចំនួនដូចជា សហរដ្ឋអាមេរិក និង អូស្ត្រាលីជាដើម លោកអ្នកធំៗឬអ្នកមានប្រាក់ជាច្រើន តែងបង្កើតកសិដ្ឋានផ្ទាល់ ខ្លួន ( ទីកម្សាន្តជនបទ ) ហើយរាល់សៅរ៍-អាទិត្យ ដែលជាថ្ងៃសម្រាកពីការងារ អស់លោកទាំងនោះតែងទៅកម្សាន្តកសិដ្ឋានរបស់ខ្លួននោះឯង ។

ចំណែកនៅប្រទេសកម្ពុជាយើងវិញ ករណីនេះនៅមានតិចតួចនៅឡើយ ដូច្នេះទើបលោកបង្កើតឡើងដើម្បីទាញ យកចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋទូទៅ ជាពិសេសសម្រាប់អ្នកមុខអ្នកការដែលមានលំនៅស្ថាននៅទីក្រុង មកកម្សាន្តដោយសម្គាល់ថា ជាកសិដ្ឋានរបស់អស់លោកផ្ទាល់ទៅចុះ ។ រីឯសេវាបម្រើ ការនៅទីនេះមានជាអាទិ៍ កន្លែងផ្ញើយានយន្តភេសជ្ជៈគ្រប់មុខ និង ម្ហូបអាហារ គ្រប់ប្រភេទ ជាពិសេសភ្លក្សរសជាតិដ៏ផ្អែមត្រជាក់នៃផ្លែស្វាយដែល ទើបតែបេះថ្មីៗគ្រប់រដូវកាល ។

នៅលើផ្ទៃដី ១៧ ហិកតារ ជាប់នឹងមាត់ស្ទឹងវែងអន្លាយ បានត្រូវគេរៀបចំ តុបតែងជាសួនឧទ្យានដ៏មនោរម្យនៅតាម ចន្លោះមានដើមស្វាយ និង រុក្ខជាតិ ផ្សេងៗទៀតរាប់សិបដើម ដែលមានកៅអីអង្គុយនៅខាងក្រោមយ៉ាងច្រើន និង រំលេចទៅដោយរូបចម្លាក់សត្វព្រៃជាច្រើនប្រភេទគួរជាទីទាក់ទាញក្រៃលែង ។ ដោយឡែកនៅប្របមាត់ស្ទឹងដែល ទឹកកំពុងតែបោះពួយយ៉ាងខ្មួលខ្មាញ្ញ់នារដូវ វស្សាមកប៉ះនឹងដុំថ្មតូចធំរដិបរដុបឮសូរឈូៗបង្កើតបានជាតន្ត្រីធម្មជាតិ យ៉ាងពីរោះក្រៃលែង ។ នៅទីនោះគេបានសង់អគារមួយខ្នងយ៉ាងស្អាតទុកសម្រាប់ស្វាគមន៍ អស់លោកអ្នកមុខអ្នក ការមកកម្សាន្តនិងទទួលទានអាហារម្តងម្កាល ។ ចំណែក ភ្ញៀវទេសចរធម្មតាវិញនោះ ភាគច្រើនពួកគេទទួលទាន អាហារតាមក្រោមដើម ឈើ ឬ ក្រោមដំបូលស្បូវនៃតូបលម្ហែកាយជាច្រើនខ្នង ។

លោកវេជ្ជបណ្ឌិត តេង សឿន អាយុ ៤០ ឆ្នាំ ជានាយកមន្ទីរពេទ្យព្រះកុសុមៈ ក្រុងភ្នំពេញ បានមានចំណាប់អារម្មណ៍ថា លោកមានការរំភើបណាស់ នៅ ពេលមកឃើញទឹកដីអតីតសមរភូមិប្រយុទ្ធស៊ីសាច់ហុតឈាមប្រែក្លាយជាកន្លែង ទេសចរណ៍កំដរអារម្មណ៍ភ្ញៀវជាតិ និង អន្តរជាតិសម្រាប់ទស្សនាកម្សាន្តដូច្នេះ ។ ថ្វីដ្បិតតែកសិដ្ឋានជ្រលងបព្វតា នេះមិនទាន់មានការអភិវឌ្ឍដល់កម្រិតស្តង់ដារ អន្តរជាតិក៏ដោយ តែសម្រាប់ប្រទេសជាតិយើងចាត់ទុកថា ជាមោទកភាពមួយគួរឱ្យកោតសរសើរ ។ នេះទើបតែលើកទីមួយទេដែលលោកបានឈានជើងមកជាន់ ទីនេះក្នុងលក្ខណៈគ្រួសារ ។

កញ្ញា សឹង សិរីរតនា នៅភូមិបឹងអម្ពិល ឃុំបឹងអម្ពិល ស្រុករតនមណ្ឌល ខេត្តបាត់ដំបងដែលកំពុងកម្សាន្តនៅទីនោះ បានរៀបរាប់ថានាងធ្លាប់មកកម្សាន្ត ទីនេះប្រាំដងរួចមកហើយ នាងបានរិះគន់ចំៗថា សេវាកម្មនៅកសិដ្ឋានជ្រលង បព្វតានេះមានតម្លៃខ្ពស់ណាស់ ដូចជា សំបុត្រចូលក្នុងរថយន្តមួយគ្រឿង ២០.០០០ រៀល ម៉ូតូមួយគ្រឿង ៥.០០០ រៀល រីឯមុខម្ហូបនិង គ្រឿងកំប៉ុងវិញក៏ថ្លៃគួរសម ដែរ ។ រតនា បញ្ជាក់ថា នេះសម្រាប់នាងជាអ្នកស្រុកស្រែចម្ការ តម្លៃនៅទី នេះពិតជាខ្ពស់ណាស់ តែសម្រាប់អ្នកក្រុងវិញនោះ យល់យ៉ាងណាស្រេចតែគេ ទៅចុះ ។

យុវតី ស សុនីតា អាយុ ១៦ ឆ្នាំ ជាយុវសិស្សរៀននៅវិទ្យាល័យព្រះមុនីវង្ស ក្រុងបាត់ដំបង បានប្រាប់ថា បន្ទាប់ពី ប្រាសាទបាណន់គឺនាងចូលចិត្តមកកម្សាន្ត កសិដ្ឋានជ្រលងបព្វតានេះណាស់ ជារឿយៗរាល់ពេលសម្រាកពីការសិក្សា នាងតែងនាំយកនូវភាពស្មុគស្មាញ និង ភាពតប់ប្រមល់មកទម្លាក់ចោលទីនេះ ហើយ អង្គុយបណ្តែតអារម្មណ៍មើលខ្សែ ទឹកហូរប្រដេញគ្នាមិនចេះហត់ និង ទទួលយក នូវខ្យល់អាកាសដ៏បរិសុទ្ធ ធ្វើឱ្យអារម្មណ៍របស់នាងជ្រះថ្លាឡើងវិញ ហើយមានពន្លកស្នេហ៍នៅទីនេះ និង ខ្លះក៏ឈានដល់ចំណងអាពាហ៍ពិពាហ៍ ឯខ្លះទៀតក៏ ព្រាត់គ្នាទៅ ចំណែកនាង មកទីនេះគ្រាន់តែចង់លម្ហែខួរក្បាលតែប៉ុណ្ណោះ មិន នឹកដល់ការសាងអនុស្សាវរីយ៍ផ្អែមល្ហែមអីនោះទេ ។

លោក សន សុផា អាយុ ៤៣ ឆ្នាំ មកពីភូមិផ្កាស្លា ឃុំចំការសំរោង ក្រុង បាត់ដំបង កំពុងលម្ហែកាយនៅទីនេះបានឱ្យដឹងថា កសិដ្ឋានជ្រលងបព្វតានេះ គ្រាន់តែឮឈ្មោះពីរោះត្រចៀកណាស់ តែតាមទិដ្ឋភាពជាក់ស្តែងមិនមានការ វិវឌ្ឍទៅមុខសោះ ។ លោកសុផា បន្តថា សេវាកម្មនៅទីនេះថ្លៃណាស់ មួយ ថ្ងៃៗប្រាក់ហូរចូលមិនតិចទេ គួរណាស់តែម្ចាស់កសិដ្ឋាន អភិវឌ្ឍឱ្យរីកចម្រើនជាងនេះ ទើបសមនឹងទឹកប្រាក់ បើមិនដូច្នេះទេ តទៅអនាគតភ្ញៀវប្រាកដជា បាយៗហើយ ។

ក្នុងការស្រាយបំភ្លឺជុំវិញមតិផ្សេងៗគ្នាពីមហាជន លោក សុវត្ថិ សត្យា ជា អ្នកគ្រប់គ្រង និង មើលថែកសិដ្ឋាន ជ្រលងបព្វតានេះបានរៀបរាប់ថា កសិដ្ឋាន នេះមិនមែនទើបតែកើតឡើងនោះទេ តាមពិតបានប្រតិស្ថានលើ តំបន់ព្រៃភ្នំនេះប្រាំឆ្នាំមកហើយ តែទើបទទួលបានការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ពីប្រជាពលរដ្ឋ គ្រប់ទិសទីក្នុង ឆ្នាំនេះលើសឆ្នាំណាៗទាំងអស់ ។ លោក សុវត្ថិ សត្យា បន្តថា កសិដ្ឋានដែលប្រជាពលរដ្ឋកំពុងពេញនិយមនេះ មិនមែនជារបស់លោកទេ តាម ពិតជាការបណ្តាក់ទុនរបស់ពូលោកដែលជាអាណិកជនអូស្ត្រាលី ហើយលោក គ្រាន់តែមើលការខុសត្រូវជំនួសលោកពូ រ៉ាំបូ តែប៉ុណ្ណោះ ។

ក្នុងសំណួរដែលសួរថា តើលោកយល់យ៉ាងម៉េចដែរ ? ចំពោះបញ្ហាដែល លេចឮពីមាត់ប្រជាពលរដ្ឋភាគច្រើនថា ផ្នែកបម្រើសេវាកម្មនៅទីនេះមានតម្លៃ ខ្ពស់កប់ពពក បើប្រៀបទៅកន្លែងដទៃក្នុងខេត្តបាត់ដំបងដូចគ្នានោះ ដូចជា ប្រាសាទបាណន់ប្រាសាទឯកភ្នំ សេកសក និង អាងកំពីងពួយ ជាដើម ។

លោក សុវត្ថិ សត្យា តបទាំងទឹកមុខរីករាយថា អ្នកធ្វើតែងតែខុស អ្នក មិនធ្វើសោះទើបត្រូវ ចំពោះលោក លោក មិនឈឺឆ្អាលនឹងមាត់ចាបមាត់ព្រាប ឬ ពាក្យរិះគន់ទាំងអស់នោះទេ លោកគិតតែប្រមូលប្រាក់យកមកអភិវឌ្ឍកសិដ្ឋាន នេះឱ្យបានស្អាតទ្វេឡើងថែមទៀត ។ ជាទីបញ្ចប់ លោក សុវត្ថិ សត្យា ឆ្លៀត ឱកាសនេះ សូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុតចំពោះភ្ញៀវទេសចរជាតិ និង អន្តរជាតិ ដែលស្ម័គ្រកាយស្ម័គ្រចិត្តមកគាំទ្រកសិដ្ឋានជ្រលងបព្វតារបស់ លោក ៕

ប្រភព៖ ភ្នំពេញដេលី

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com