[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Author: Keo Chanbo:Insprirational StoriesPosted: 2010-09-23 21:24:34   Replies: 0
រឿងពិធីដង្ហែអ្នកតាទៅវត្ត

រឿងពិធីដង្ហែអ្នកតាទៅវត្ត

នេះជារឿងពិតមួយ ដែលខ្ញុំបានជួបប្រទះ ដោយខ្លួនឯង កាលពីឆ្នាំ២០០២ នៅពេលដលខ្ញុំបាននាំ ម្តាយរបស់ខ្ញុំ និងសមាជិកក្រុមគ្រួសារ វិលទៅ ព្រះនេត្រព្រះ ទឹកដីកំណើត របស់ម្តាយខ្ញុំ ដើម្បីធ្វើបុណ្យជូនជីដូនជីតា និងសាច់ញាតិ ដែលចែកឋានទៅ នៅសម័យ ៧៥-៧៩។

នៅរវាងពាក់កណ្តាល ពិធីបុណ្យ ក្នុងវត្ត លើខ្នងភ្នំ ព្រះនេត្រព្រះ ស្រាប់តែអ្នកស្រុក ដែលមកចូលរួមបុណ្យ ក្រោករត់ឈូឆរ ជួនគ្នាចំពេលព្រះសង្ឃ កំពុងសូត្រធម៌ ហើយនាំគ្នាស្រែកថា ៖
- ពួកយើង ឆាប់រត់គេច ទៅផ្ទះវិញ បើនៅយូរ ព្រលឹងសក្តិសិទ្ធិ នឹងឡើងលើភ្នំ កាច់យកជីវិតយើង គ្រប់គ្នា នៅលើភ្នំនេះហើយ!
ឆ្ងល់ពេក ខ្ញុំក៏សូមអោយព្រះសង្ឃ ផ្អាកបុណ្យភ្លាម ហើយសួរអ្នកស្រុក ថា ៖
- តើមានរឿងអ្វីខ្លះទៅ ដែលនាំអោយ ព្រលឹងសក្តិសិទ្ធិ ចង់យាយី ជីវិតអ្នកស្រុក ដែលកំពុងធ្វើបុណ្យ?
លោកតាម្នាក់ ឆ្លើយវឹងថា៖
- មកពីយើង នាំគ្នាឡើង មកធ្វើបុណ្យនៅលើភ្នំ មិនបានកាប់ជ្រូក មាន់ទា សែនថ្វាយ អ្នកតាជើងភ្នំ តែបែរជាដើររំលងក្បាលអ្នកតា ឡើងភ្នំគ្រប់គ្នាទៅវិញ។
ឭដូច្នោះ ខ្ញុំក៏ចាប់មីក្រូ ប្រកាសឡើង ៖
- ខ្ញុំជាម្ចាស់បុណ្យថ្ងៃនេះ។ ប្រសើនបើអ្នកតាខឹង សូមអោយលោក មកដាក់ទោសខ្ញុំ ម្នាក់ឯងចុះ! ដូច្នេះអ្នកស្រុក ទាំងឡាយ ឈប់ភិតភ័យខ្លាច ឈប់តក់ស្លុតទៅ ហើយសូមធ្វើបុណ្យបន្តទៅទៀត ដោយសន្តិភាពក្នុងចិត្ត ឥតសៅហ្មង!
បន្ទាប់មក ខ្ញុំក៏សុំខ្ចីអង្រឹងស្នែងមួយ ពីវត្ត ហៅបងប្អូនជិតខាង បួននាក់ ធ្វើដំណើរចុះភ្នំ។ អ្នកស្រុកទាំងនោះ ចង់ដឹង មូលហេតុ ក៏សួរឡើង៖
- តើអ្នកយកអង្រឹងស្នែង ទៅជាមួយធ្វើអ្វីទៅ?
ខ្ញុំឆ្លើយជំរាបថា ៖
- ខ្ញុំសូមយកខ្លួនទៅអោយ អ្នកតាដាក់ទោស បើត្រូវស្លាប់ ខ្ញុំនឹងមានអ្នកសែងសពខ្ញុំ ត្រឡប់មក ធ្វើបុណ្យវិញ។
នៅពេលនេះ ដោយសារ អ្នកស្រុកចង់ដឹងចង់ឮ ថានឹងមានហេតុអ្វីកើតឡើងបន្តទៀត គេក៏នាំគ្នា ដើរតាមពីក្រោយខ្ញុំ យ៉ាងអ៊ូអរខ្ញៀវខ្ញា ដើម្បីលួចតាមមើលស្ថានការណ៍។

លុះមកដល់ផ្ទះមួយ នៅភូមិជើងភ្នំ ខ្ញុំក៏នាំបងប្អូន ទៅសំពះគោរពម្ចាស់រូប (ជាមនុស្សស្រី ចំណាស់ជាងសាបសិប) ដែលមាន ព្រលឹងអ្នកតា កំពុងចូល សណ្ឋិត ហើយដែលកំពុងប្រាប់យើងសាជាថ្មីថា អោយសែន ក្បាលជ្រូក ស្រា មាន់ទា ផ្លែឈើគ្រប់ចំនួន បើមិនដូច្នេះ នឹងកាច់កស្លាប់។ ពេលនោះ ខ្ញុំក៏ជំរាប លោកតា វិញថា៖
- លោកតា! ពេលនេះ ចៅសូមចួកខ្លួន មកដង្ហែ លោកតា ទៅឯវត្ត ដើម្បីអោយបានពិសា អាហារឆ្ងាញ់ៗ នៅលើកំពូលភ្នំនោះ បន្ទាប់មក ខ្ញុំរួមជាមួយសាច់ញាតិ ព្រមទាំងអ្នកភូមិ នឹងធ្វើបុណ្យបង្សុកូល ជូនលោកតា ដើម្បីបញ្ជូន វិញ្ញាណក្ខន្វ័ លោកតា ទៅសុគតិភព កុំអោយនៅវិលវល់វង្វេង លើដីមនុស្សលោក បន្លាចកូនចៅ ដូច្នេះតទៅទៀត។ ខ្ញុំមានស្នែង អង្រឹងមួយ ដែលមានកូនចៅ ចាំសែងលោកតា យកទៅដល់កំពូលភ្នំ មិនអោយលោកតា ហត់នឿយ ដើរឡើងភ្នំ ដោយខ្លួនឯងឡើយ។
ភ្លាមនោះ បុរសៗ អ្នកភូមិ ជាសាច់ញាតិរបស់ខ្ញុំ ក៏នាំគ្នា ស្ទុះចូលចាប់លើក លោកតា (ស្ត្រីជាម្ចាស់រូប) ដាក់អង្រឹង សែងយកវឹង ចេញពីផ្ទះ។ ស្រាប់តែលោកតា ភ្ញាក់ក្រញាង ក្រញែងខ្លួន ប្រកែកញ៉ាញឡើង មិនព្រមទៅជាមួយ ហើយស្រែកថា ៖
- វត្តនឹងអញ មិនដែលត្រូវគ្នាម្តងណាឡើយ ហើយ អញមិនចង់ទៅណាដែរវើយ!!
ថាហើយ លោកតា ក៏លោតចេញពីអង្រឹងស្នែង ចុះទៅដីប្រូស។ បន្ទាប់មក ស្រ្តីម្ចាស់រូបក៏ងើបឡើង បបោសដី ចេញពីសំពត់ ហើយបើកភ្នែកធំៗ ធ្វើហាក់ដូចជា ភ្ញាក់ផ្អើល នឹងវត្តមានរបស់ខ្ញុំ ជាមួយអ្នកស្រុកទាំងឡាយនោះណាស់ រួចហើយក៏ស្រែកបណ្តេញពួកយើង អោយចេញពីបរិវេណផ្ទះរបស់គាត់ ដោយសំអាងថាពួកយើង ចូលរំខានផ្ទះគាត់ ខុសរឿង។

នៅរៀងរាល់ឆ្នាំ បន្តបន្ទាប់មក ខ្ញុំបានវិលត្រឡប់ ទៅព្រះនេត្រព្រះ ធ្វើបុណ្យ រាល់ឆ្នាំ ជាទំនៀម រំលឹកគុណបុព្វការីជន។ ព្រះគ្រូសង្គ្រាជនៅវត្តលើភ្នំ មានដីការ ប្រាប់ខ្ញុំថា ៖
- ឥលូវនេះ អ្នកស្រុកលែងខ្លាចអ្នកតាកាច់ ទៀតហើយ ព្រោះថា ពេលណាមាន ព្រលឹង អ្នកតា ចូលរូបនៅកន្លែងណាមួយ ក្នុងភូមិ អ្នកស្រុក តែងបបួលគ្នា លីអង្រឹងស្នែង ដង្ហែអ្នកតា មកប្រស់ព្រំទឹកមន្ត នៅក្នុងព្រះវិហារ ដើម្បីបញ្ជូនវិញ្ញាណក្ខន្ធ័ ទៅសុគតិភព។ ចំណែកឯ ព្រលឹងអ្នកតា ក៏ចេះតែរត់គេច អញ្ចឹងទៅ មិនឃើញ មានអ្នកតាណាមួយ មានសេចក្តីក្លាហាន គ្រប់គ្រាន់នឹង ជិះអង្រឹងស្នែង របស់អ្នកស្រុក ដល់បរិវេណវត្ត លើខ្នងភ្នំព្រះនេត្រព្រះ មួយរូបណាឡើយ។

ដោយ អ្នកស្រី កែវចន្ទ័បូរណ៍

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com