[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Author: Keo Chanbo:Insprirational StoriesPosted: 2010-03-14 19:45:03   Replies: 0
រឿងពូត្រុំមេកន្ទ្រាញ

រឿង ពូត្រុំមេកន្ទ្រាញ
សូមចុចអាន៖ http://chanbokeo.com/index.php?gcm=1411&grid=128622>op=5193

នៅលើផ្លូវដីលំមួយ ដែលមានអ្នកដំណើរទៅមក ធ្វើការរកស៊ីរចល់ ជាប្រក្រតី ជាមួយនឹងភូមិដទៃ មេកន្ទ្រាញដ៏ចាស់ជរា មួយរូប ប្រចាំភូមិ បានធ្វើការសាកល្បង ទឹកចិត្តអ្នកស្រុក ដោយមិនបាន ពិគ្រោះប្រាប់នរណា ក្នុងភូមិ ម្នាក់ឡើយ។

នៅយប់មួយ មេកន្ទ្រាញបានយកដំរី ទៅអូសផ្ទាំងថ្ម មួយផ្ទាំងធំ មកដាក់កណ្តាលផ្លូវ ឆ្លងភូមិ ហើយគេចទៅបាត់ ធ្វើហាក់ដូចជា មិនបាន​ ដឹងរឿង អ្វីទាំងអស់។

ថ្ងៃបន្តបន្ទាប់មក អ្នកភូមិ ដែលធ្វើដំណើរ ទៅមករាល់ថ្ងៃ បានប្រទះឃើញ ផ្ទាំងថ្មមួយផ្ទាំងនោះ​ ទើសផ្លូវ ក៏នាំគ្នាបររទេះ ឬដើរវេះវៀង ចៀសជុំវិញដុំថ្មនោះ។ ខ្លះខឹងហើយជេរ​ ប្រទេចផ្តាសា​ អ្នកដែលយកដុំថ្ម មកដាក់កណ្តាលផ្លូវ ទើសចរាចរធ្វើដំណើរ ពិបាកខ្លួន ត្រូវដើរវាង ឬបររទេះវាង។ ខ្លះខឹង ជេរដៀមដាម ទៅដល់ មេកន្ទ្រាញភូមិ ថាមិនចេះ ចាត់ចែងការ ដឹកនាំមនុស្ស អោយមក ព្រមៀលថ្ម ចេញពីផ្លូវ ដើម្បីអោយពួកគេ ងាយស្រួលធ្វើដំណើរ រកស៊ីទៅណាមកណា​ បានដោយ មិនទើសទាក់វាក់វាង។

ចៃដន្យ គ្មាននរណាមួយឡើយ មានទឹកចិត្ត នឹងប្រមូលគ្នា ដើម្បីយកថ្មចេញពីផ្លូវ អោយងាយស្រួល ធ្វើដំណើរ ដូចពីដើមទេ មានតែអ្នកបន្ទោស និង អ្នករអ៊ូតែប៉ុណ្ណោះ។

ថ្ងៃមួយ...
អ្នកស្រែម្នាក់ ឈ្មោះពូត្រុំ នាំកូនប្រុស ពីរនាក់ បររទេះគោ ដឹកផ្លែល្ពៅ យកទៅលក់ នៅភូមិជិតខាង។ លុះមកដល់ម្តុំ ដែលមាន ថ្មមួយផ្ទាំង រាំងកណ្តាលផ្លូវនោះ គាត់ក៏ទុចរទេះ ហើយស្រដី ទាំងងឿងឆ្ងល់ ទៅរក កូនប្រុសទាំងពីរ ដែលជាក្មេងជំទង់ៗ ៖
- អាង៉ាអើយ! ម៉េចបានជា ផ្ទាំងថ្មនេះ រមៀល មកដល់ត្រង់នេះកើត? ពុកបររទេះ តាមផ្លូវនេះ យូរខែឆ្នាំហើយ មិនដែលឃើញវាសោះ។ ចុះថ្ងៃនេះ ហេតុដូចម្តេច បានជាមានផ្ទាំងថ្ម មកពាំងច្រងាង រាំងដំណើរ ចរាចរ របស់អ្នកស្រុកយើង អញ្ចឹង?
- មែនហើយពុក! ពួកខ្ញុំក៏ឆ្ងល់ដែរ (កូនៗឆ្លើយតបវិញ)
- អញ្ចឹង! តោះកូន! នាំគ្នាយកដងរែក រកកំណល់ គាស់ថ្មនោះ ចេញពីផ្លូវទៅ កុំអោយវានៅទើស ពិបាកបររទេះ វាងណាស់កូន! ជាពិសេស នៅខែវស្សា សំបូរទឹកលិចដូច្នេះ អ្នកស្រុកភូមិយើង ពិតជាត្រូវ ចុះលុយទឹក វាងផ្លូវ ពិបាកស្លាប់ហើយ។ ជួយគ្នា មួយដៃមួយជើងទៅ នឹងអាលបានធ្វើដំណើ រសុខសប្បាយ ទាំងអស់គ្នាណា៎កូន។

ពូត្រុំក៏បក់ដៃហៅកូន និងអ្នកដំណើរ ដែលឈប់ ឈរមើល ជុំវិញនោះ អោយមកជួយ ប៉ុន្តែ គ្មាននរណា មកជួយគាត់សោះ ក្រៅពី កូនប្រុសជំទង់ របស់គាត់ ទាំងពីរនាក់ឡើយ។ មានអ្នកស្រុកម្នាក់ ស្រែកថា ៖
- ខ្ញុំមិនមែន ជាកម្មករសំណង់ ផ្លូវទេ។ ហេតុអី ខ្ញុំត្រូវប្រលាក់ដៃ ខាតកម្លាំង គាស់ថ្មម៉ាដុំ នោះផង?

អ្នកស្រុកម្នាក់ទៀត ឃើញពូត្រុំ មូរដៃអាវធ្វើការ ក៏ចំអកថា ៖
- ពូឯង ជាអ្នកបម្រើគេ ទេដឹង បានជា ចង់តែមក បម្រើគេ ដាច់ថ្លៃដូច្នេះ? គ្មាននរណា គេអោយ លុយឈ្នួល ពូឯងផង ចាំបាច់មករវល់ ព្រមៀលថ្ម អោយ ហត់ខ្លួនធ្វើអ្វី?

អ្នកស្រុកទីបី ក៏ស្រដីដៀមដាម បន្ថែមថា ៖
- អាត្រុំអើយ! អ្នកស្រែដូចឯង ទោះខំប្រឹង ធ្វើល្អ អោយគេឃើញ យ៉ាងណា ក៏គ្មានថ្ងៃ ដែលគេអោយឯង ឡើងបុណ្យ ជាមេកន្ទ្រាញ ប្រចាំភូមិដែរ អាប្អូន!

ទោះបីជា យ៉ាងណាក៏ដោយ ពូត្រុំមិនខ្វល់ទេ ព្រោះគាត់ ពុំបានស្រមៃ ចង់បានឡើងបុណ្យ ធ្វើជាមេកន្រ្ទាញឯណា គ្រាន់តែចង់ អោយផ្លូវស្រឡះ ធ្វើដំណើរស្រួល ទៅមកទេតើ។

មួយស្របក់ក្រោយមក ដោយការខិតខំ របស់គាត់និងកូនៗ ពូត្រុំបានគាស់ថ្ម រំកិលព្រមៀល បន្តិចម្តងៗ រហូតដល់ផ្ទាំងថ្ម ចេញផុតពីផ្លូវដោយស្ថាពរ។ ភ្លាមនោះ ស្រាប់តែ កូនពូត្រុំទាំងពីរ ស្រែកឡើងវឹង ព្រមគ្នា ខ្លាំងៗ ថា ៖
- ពុកអើយ នៅក្រោមផ្ទាំងថ្មនោះ មានប្រអប់មួយ ចម្លែកណាស់។ មើលហ្ន៎!

ឆ្ងល់ណាស់ ពូត្រុំ ក៏ស្ទុះហក់វឹង ទៅទាញប្រអប់នោះ បើកឡើងយ៉ាងរហ័ស ក៏ប្រទះឃើញ ខោអាវសាច់ក្រណាត់សូត្រ ថ្មីស្រឡាង មានគ្រឿងអលង្ការ និងខ្សែក្រវាត់មាសទង្វា យ៉ាងភ្លឺរលោងរន្ទាល។ ពូត្រុំ ឃើញហើយ ភ្ញាក់ស្រឡាំងកាំងតែម្តង។ កូនប្រុសពូត្រុំទាំងពីរទះដៃហ៊ោរឡើង៖
- ពុកអើយ! នេះជា លាភរបស់យើងហើយ!

ពូត្រុំភ្ញាក់ផ្អើលណាស់ រកគិតអី និយាយអី មិនទាន់ចេញអីផង ស្រាប់តែ អ្នកស្រុក ដែលឈរជុំវិញនោះ ក៏នាំស្រដី រអ៊ូ ច្រណែន នឹងពូត្រុំ ដូចឃ្មុំរោមផ្កា ថា ៖
- ម៉េចបានជាពូត្រុំ គាត់ដឹងកើត ថានៅក្រោមដុំថ្មនោះ មានកំណប់?
- បើអញដឹងថា មានកំណប់ នៅពីក្រោមផ្ទាំងថ្មនោះ អញច្បាស់ជា ព្រមៀលថ្ម មុនឯងទៅទៀត នាយត្រុំអើយ។
- អាត្រុំអើយ! អញក៏ធ្លាប់បាន អោយដងរែកឯង ខ្ចីប្រើដែរ ដូច្នេះ ឯងកុំភ្លេច ចែកចំណែក អោយអញផងវើយ!

រំពេចនោះ មេកន្ទ្រាញនឹងបរិវារ បានបររទេះគោ មកដល់ព្រមៗគ្នាដែរ។ មេកន្ទ្រាញ ក៏ស្រដីទៅកាន់ ពូត្រុំថា ៖
- អរគុណ នាយត្រុំណាស់ ដែលមាន សមានចិត្តប្រពៃ ងើបធ្វើការ ពុះពារឧបសគ្គ តាមផ្លូវ ជួយអោយ អ្នកស្រុក ធ្វើដំណើរ មានសុវត្ថិភាព ដោយ ទឹកចិត្តគុណធម៌យ៉ាងប្រពៃ មិននៅឈរមើលបំណាំ មិនបាច់ចាំមាននរណា ស្រែកហៅ ដាស់តឿន ក្រើនរំលឹក ឬពឹងពាក់។ នេះហើយ ជាគុណសម្បត្តិ របស់មេដឹកនាំគម្រូ ដ៏ប្រសើរ ដែលខ្ញុំប្រាថ្នា ជ្រើសរើស យកតែងតាំង ជា មេកន្រ្ទាញប្រចាំភូមិ បន្តវេនពីខ្ញុំ ពេលខ្ញុំចូលនិវត្តន៍ ព្រោះជរាភាព។

កាលបើបាន ឭសំដី របស់មេកន្ទ្រាញហើយ អ្នកស្រុកទាំងឡាយ ភ្ញាក់ក្រញាង ស្ងួតទឹកមាត់ខះក គ្រប់គ្នា ត្បិតមិននឹកស្មានថា ពូត្រុំអាចទទួល ការបំពាក់យស ឡើងបុណ្យសក្តិ ជាមេកន្រ្ទាញប្រចាំភូមិ ដូច្នោះឡើយ។ នៅពីក្រោយខ្នង ពូត្រុំ កូនទាំងពីរ ដោះអាវរបស់គេ យកទៅចងនៅចុងដងរែក​ ហើយលើកគ្រវីឡើង ស្រែកហ៊ោរឡើងថា ៖
- ជយោ! ពូត្រុំ មេកន្ទ្រាញ!!

អ្នកស្រី កែវ ច័ន្ទបូរណ៍

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com