[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Author: Keo Chanbo:Insprirational StoriesPosted: 2010-03-14 12:22:44   Replies: 0
រឿង អំណាចគុណធម៌

រឿង អំណាចគុណធម៌
http://chanbokeo.com/index.php?gcm=1411&grid=128618>op=5193

បុប្ផានាំកូនប្រុសអាយុ ៥ឆ្នាំ បើកឡានដើរកំសាន្តទីក្រុងបាត់ដំបង នៅរសៀលមួយ។ មួយស្របក់ក្រោយមក នាងក៏មកឈប់ចត នៅមាត់ស្ទឹងសង្កែ ដើម្បីចូលទិញ គ្រឿងកុំព្យូទ័រ នៅហាងមួយ មុននឹងត្រឡប់ទៅផ្ទះវិញ។ កំពុងតែឈរស្តីសួរ ជាមួយអ្នកលក់ក្នុងហាង កូនប្រុសរបស់នាង ក៏រលាស់ដៃពីម្តាយ រត់វឹង ចេញពីហាង ឆ្លងថ្នល់ បំរុងរត់ទៅរក រទេះលក់ពោតលីង។ ពេលនោះ ស្រាប់តែមានរថយន្តមួយ បរលឿនស្លេវ ពីចម្ងាយមកដែរ។ បុប្ផាងាកភ្លែតឃើញភ្លាម ប្រហោងពោះធ្លុង ភ្ញាក់ភ័យស្ទើររលត់វិញ្ញាណ រត់ហក់តាមចាប់កូនពីក្រោយ។ តែនាងនៅយឺតបន្តិច ជាងបុរសចំណាស់ម្នាក់ ដែលឈរម្តុំៗនោះ។ គាត់បានស្ទុះវឹង ស្រវាចាប់ក្មេងជាប់ ហើយព្រមៀលខ្លួនគេចពីរថយន្ត ដ៏ព្រហើនមួយនោះ ផុតគ្រោះថ្នាក់ ទាំងពីរនាក់។ ពូចាស់នោះ ក៏ងើបឡើង ចាប់ដៃក្មេង ហុចទៅអោយបុប្ផាវិញ។
- អរគុណពូណាស់ ដែលបានជួយជីវិតកូនរបស់ខ្ញុំ!
បុប្ផាស្រដីទាំងរំភើបចិត្ត រលីងរលោងទឹកភ្នែក រួចហើយក៏ស្រវា រាវរកប្រាក់បួនប្រាំសន្លឹក ហុចអោយទៅបុរសនោះ ស្រាប់តែគាត់ញញឹម ហើយគ្រវីក្បាល តបវិញថា ៖
- គ្រាន់តែរឿងជួយក្មេង តូចតាចប៉ុនហ្នឹង ចាំបាច់គិតជាប្រាក់ធ្វើអី ក្មួយស្រី? យើងជាញាតិ នៅស្រុកទេសជាមួយគ្នាតើហ៍!
- តែខ្ញុំចង់ជូនពូ ដើម្បីសម្តែងនូវសមានចិត្តរបស់ខ្ញុំ ចំពោះពូ ដែលបានធ្វើអំពើល្អ ជួយសង្គ្រោះជីវិតកូនប្រុសរបស់ខ្ញុំ។
បុរសចំណាស់នៅតែញញឹមដដែល ហើយមានប្រសាសន៍ថា ៖
- បើសិនជាក្មួយជាមនុស្ស មានសមានចិត្តល្អពិតមែន ដូច្នេះ សូមក្មួយធ្វើតែអំពើល្អ ចំពោះញាតិ ពេលគេកំពុង ប្រទះទុក្ខព្រួយនោះ ហើយឧទ្ទិសកុសលនោះ អោយខ្ញុំផងដែរទៅ នោះខ្ញុំបានទទួលបុណ្យ ពីក្មួយហើយ។ ខ្ញុំមិនចង់បានអ្វីទៀត ក្រៅពីហ្នឹងទេ។ ខ្ញុំឈ្មោះពូសុខ សូមជូនពរក្មួយនិងកូន អោយបានជួបតែសុខ រៀងរហូតទៅ។
មានប្រសាសន៍ចប់ បុរសចំណាស់ក៏ឡើងម៉ូតូចាស់របស់គាត់ បរវឹងចេញទៅ ទុកអោយបុប្ផា ឈរកាន់ដៃកូន សម្លឹងមើល គាត់ពីក្រោយ ទាំងស្មារតីភន្ត័ភាំង។

យូរថ្ងៃក្រោយមក...

បុប្ផាបរឡាន ត្រឡប់មកពី បំពេញការងារមួយ នៅឃុំបាណន់ ជាមួយមិត្តស្រីម្នាក់ ឈ្មោះ រតនា។ មកដល់ពាក់កណ្តាលផ្លូវ ស្រាប់តែរតនា មិនស្រួលខ្លួន ត្រូវការបន្ទប់ទឹក។ អ្នកទាំងពីរក៏មកឈប់ឡាន នៅក្បែររោងស្បូវ លក់នំបញ្ចុកមួយ ជាប់នឹងដងផ្លូវ ដែលមានតែអ្នកលក់ អង្គុយម្នាក់ឯង គ្មានភ្ញៀវទេ ព្រោះពេលនោះ មានភ្លៀង ធ្លាក់ស្រិចៗគួររំខាន។
- បងស្រី! អោយពួកខ្ញុំសុំប្រើ បន្ទប់ទឹកបន្តិច បានទេ? (បុប្ផាបើកបង្អួចឡាន ស្រែកសួរ)
- ចា៎ស! មានថី មីអូន! ចាំម៉ាភ្លែតណ៎ា! ខ្ញុំនឹងទៅដងទឹកម៉ាធុង ទុកអោយមីអូនឯង ប្រើក្នុងបង្គន់។
លុះស្រ្តីអ្នកលក់នោះ ងើបឡើង ដើរទៅស្រវារក ធុងយោងទឹក បុប្ផាសង្កេតឃើញថា គាត់កំពុងមានផ្ទៃពោះ ជិតគ្រប់ខែហើយ។ មាណវីក៏ស្រែកវឹងឡើង៖
- មិនអីទេបង! ចាំខ្ញុំទៅដងទឹកខ្លួនឯងវិញ។
ស្រ្តីនោះញញឹម ងាកឆ្លើយវិញថា ៖
- នាំតែប្រឡាក់ស្បែកជើងមីអូនទេ ព្រោះភ្លៀងប៉ប៉ិចប៉ប៉ាច់បែបនេះ ដីស្អិត ពិបាកដើរណាស់។ ចាំក្នុងឡាន ម៉ាភ្លែតសិនទៅ!
ថាហើយ ស្រ្តីនោះក៏ដើរទៅក្រោយផ្ទះ យួរទឹកមួយធុងទៅទុកដាក់ហើយ ទើបកាត់ធាងចេក មួយធាងធំ កាន់យកហុច អោយបុប្ផា រួចស្រដីថា៖
- ខ្ញុំអត់មានឆត្រ័ទេ តែស្លឹកចេកម៉ាធាងនេះ អាចបាំងភ្លៀងបានខ្លះដែរ កុំអោយទទឹកអាវផន់មីអូនឯង។
បុប្ផានិងរតនាសម្លឹងមុខគ្នា ដោយនឹករំភើបក្នុងចិត្ត ឥតឧបមា ចំពោះសន្តានចិត្តដ៏ល្អ របស់ស្ត្រីលក់នំបញ្ចុក។

ពេលរតនាដើរចូល បន្ទប់ទឹកបាត់ទៅ បុប្ផាក៏ដកប្រាក់ ដើរទៅហុចអោយទៅស្រ្តីនោះ ស្រាប់តែគាត់គ្រវីក្បាល៖
- មិនអីទេ មីអូនអើយ គ្រាន់តែប្រើបន្ទប់ទឹកប៉ុនហ្នឹង ចាំបាច់បង់លុយធ្វើអី? អ្នកស្រុកអ្នកភូមិយើងនេះ គ្មាននរណា គេយកលុយទេ មីអូន។
- គឺពួកយើងចង់សង សគុណបងស្រីហ្នឹងណា មិនចង់អោយបងធ្វើការហត់ ជួយយើងទទេៗនោះទេ។
- មីអូនអើយ! បើមានសមានចិត្តចង់ជួយខ្ញុំពិតមែន គ្រាន់តែមកជួយ ទិញនំបញ្ចុកខ្ញុំ រាល់ថ្ងៃៗទៅ ចាត់ទុកថា បានជួយខ្ញុំហើយ ព្រោះអី ប្តីខ្ញុំទៅស្ទូងអោយគេរាល់ថ្ងៃ មិនសូវបានប្រាក់ប៉ុន្មានទេ ហើយខ្ញុំនេះកំពុងជិតគ្រប់ខែផង ទើបខំប្រឹង លក់នំបញ្ចុក ដើម្បីសន្សំប្រាក់ សម្រាប់ផ្គត់ផ្គង់ ពេលសម្រាលកូន។
កាលបើបានឭ សំដីរបស់ស្រ្តីនោះហើយ បុប្ផាក៏នៅស្ងៀម អង្គុយគិតយ៉ាងយូរ បន្តិចមកក៏ហៅ នំបញ្ចុកពីរចានមក មួយសម្រាប់មិត្ត មួយទៀតសម្រាប់ខ្លួនឯង។

បន្ទាប់ពីបរិភោគរួចហើយទាំងពីរនាក់ បុប្ផាក៏ដក ក្រដាសប្រាក់ ហាសិបដុល្លារ ហុចអោយទៅស្រី្តអ្នកលក់។ ឃើញក្រដាសប្រាក់ភ្លាម ស្ត្រីនោះបើកភ្នែកធំៗឡើង ៖
- ព្រះអើយ! អ្នកក្រីក្រ លក់នំបញ្ចុកដូចខ្ញុំនេះ តើទៅមានប្រាក់ឯណា សម្រាប់អាប់ប្រាក់ធំៗដល់ម្លឹងទេ មីអូន!
បុប្ផាគ្រវីក្បាល៖
- ខ្ញុំមិនបានអោយបងស្រី អាប់ប្រាក់នេះឯណា គឺខ្ញុំជូនបងទាំងអស់ទេតើហ៍!
- ស្លាប់ហើយ! ហេតុអីក៏ច្រើនដល់ម្លឹង គ្រាន់តែនំបញ្ចុកពីរចានសោះ? ខ្ញុំមិនហ៊ានទទួលទេ មីអូន!
- បងស្រីអើយ! នេះគ្រាន់តែជា ទង្វើកតញ្ញូរបស់ខ្ញុំ ជូនដល់បុរសចំណាស់ម្នាក់ ឈ្មោះពូសុខ ដែលបាន ជួយជីវិត កូនប្រុសខ្ញុំ កាលពីបួនដប់ថ្ងៃមុននេះ។ កាលនោះ គាត់មិនព្រមទទួល ការតបស្នងគុណរបស់ខ្ញុំទេ ទើបខ្ញុំសូម ធ្វើអំពើល្អនេះ ចំពោះបងស្រី ដើម្បីឧទ្ទិសផលបុណ្យនេះ ជូនដល់ពូសុខ ដែលមានដួងចិត្ត ប្រកបដោយ គុណធម៌នោះផង ព្រោះគុណធម៌របស់លោក បានធ្វើអោយខ្ញុំនិងកូនប្រុស មានឧិកាស បានមករស់នៅជួបជុំគ្នា យ៉ាងសុខសប្បាយ សាជាថ្មី។ ខ្ញុំឈ្មោះបុប្ផា សូមផ្ញើ សន្តានចិត្តគុណធម៌នេះ ជូនបងស្រី ប្រាថ្នាសុំតែេសចក្តីសុខ និងការជួបជុំកូនចៅ របស់ខ្ញុំ ដោយសុខសុភមង្គល រហូតរៀងទៅ។
ពោលចប់ បុប្ផាក៏លូកយកប្រាក់នោះ សៀតហោប៉ៅស្ត្រីអ្នកលក់នំ ហើយសំពះលាគាត់ នាំរតនាឡើងឡាន បរចេញទៅ។

តាមផ្លូវ បុប្ផាមានអារម្មណ៍រីករាយខុសធម្មតា។ រតនាឃើញហើយក៏ស្រដីថា ៖
- អាផា! បើកុំតែអ្នកលក់នំបញ្ចុកមួយរូបនោះ បានសម្តែងនូវសន្តានចិត្តល្អប្រពៃ ចំពោះយើងទាំងពីរជាមុន កុំអីថ្ងៃនេះ ប្រហែលជាគាត់ មិនបានទទួល នូវការចាប់អារម្មណ៍ពីឯង ដល់ម្លឹងដែរទេ មែនទេ?
- យី! ហើយចុះឯងក៏ពូកែម៉្លេះ? ដឹងចិត្តខ្ញុំ អោយរាល់តែដង!
ទាំងពីរនាក់ក៏សើចកក្អឹកឡើងព្រមគ្នា យ៉ាងសប្បាយ។

រាត្រីដដែល នៅឯផ្ទះស្រ្តីលក់នំបញ្ចុក...

- ម៉ែវាបានប្រាក់ពីណា អីក៏ច្រើនម្លឹង?
- គឺមាន អ្នកសប្បុរសធម៌ម្នាក់ ឈ្មោះបុប្ផា បានសម្តែង គុណធម៌របស់លោក មកដល់យើង ហើយសូមអោយយើង ឧទ្ទិស អំណរផលបុណ្យដល់ពូសុខ ដែលធ្លាប់បានធ្វើអំពើល្អ មកលើគ្រួសាររបស់គាត់ កាលពីមុន។
- ប្រាក់នេះច្រើនណាស់! យើងទាំងពីរនាក់ ធ្វើការពីរបីខែ ក៏សន្សំមិនបានប៉ុនហ្នឹងផង។ នេះជាសំណាង របស់យើងហើយ ដែលយើងអាចមានប្រាក់ ជំនួយបន្ថែម សម្រាប់បង់ថ្លៃពេទ្យ អោយម៉ែវាឯងសម្រាលកូន។
- មែនហើយឪវាអើយ! ពេលកូនយើងធំឡើង យើងគួរបង្រៀនពួកគេ អោយស្គាល់នូវ តម្លៃគុណធម៌ ចេះធ្វើអំពើល្អ ទៅលើមនុស្សជុំវិញខ្លួន ដូចដែលគេទាំងពីរ បានធ្វើកន្លងមកនេះ។ អំពើគុណធម៌ ពិតជាមានអំណាចអស្ចារ្យណាស់ អាចធ្វើអោយមនុស្សម្នាជុំវិញខ្លួន បានជួបនូវសេចក្តីសុខ ទាំងរូបកាយ ទាំងដូងចិត្ត ទាំងជីវិត និងដួងវិញ្ញាណ ដូចដែលយើងទាំងពីរបានទទួល នៅពេលនេះអញ្ចឹង។ ពិតជាគួរអោយ រំភើបក្នុងចិត្តជាទីបំផុត គ្មានអ្វីនឹងប្រៀបផ្ទឹមបានឡើយ...!!!

និពន្ធដោយ អ្នកស្រី កែវ ច័ន្ទបូរណ៍



English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com