[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Author: Keo Chanbo:Insprirational StoriesPosted: 2010-03-13 14:29:57   Replies: 0
រឿង យុវជនជាងឡាន

រឿង ណាំង៉ូវជាងឡាន
http://chanbokeo.com/index.php?gcm=1411&grid=128617>op=5193

មានយុវជនម្នាក់ ធ្វើការជា កូនជាងជួសជុលឡាន ឈ្មោះហៅលេងក្រៅ ថា ណាំង៉ូវ ព្រោះអ្នកភូមិចូលចិត្តចំអន់លលេង ដោយឃើញយុវជននេះក្រីក្រ ស្គមកំព្រឹង មុខកំពិត ថ្ពាល់ខូងជ្រៅ ដូចក្រូចឆ្មារហាល ធ្វើណាំង៉ូវ។

ល្ងាចនេះ រាងព្រលប់បន្តិចហើយ... ភ្លៀងកំពុងធ្លាក់រោយស្បៃ ស្រិចៗ មកលើពសុធា... យុវជនយើង បានរៀបទុកដាក់ គ្រឿងជួសជុល ម៉ាស៊ីនរថយន្តហើយ ក៏លាថៅកែ លើកអាវភ្លៀងពាក់ ឡើងម៉ូតូកញ្ចាស់របស់ខ្លួន ត្រលប់មកផ្ទះវិញ លើថ្នល់ជាតិ ពីព្រែកលៀប ទៅវត្តបាខែង។ គ្រាន់តែចេញដំណើរ មិនបានប៉ុន្មានផង ភ្លៀងក៏ធ្លាក់រ៉ាវៗ កាន់តែខ្លាំងឡើង តែណាំង៉ូវ នៅធ្វើឬកព្រងើយ ហាក់ដូចជាមិនខ្វល់ទេ។ គេនៅតែបរម៉ូតូ ទៅមុខតទៅទៀត ធ្វើមិនដឹង។ ចំណែកចរាចរតាមផ្លូវ ក៏ហាក់ដូចជាស្ងប់ស្ងាត់បន្តិចមកវិញ ព្រោះម្នាក់ៗ នាំគ្នារត់ជ្រកភ្លៀងអស់ ណាមួយ យប់ក៏កាន់តែងងិតផង។

មួយស្របក់ក្រោយមក ស្រាប់តែយុវជនយើង ប្រទះនឹងរថយន្តតូចមួយ ឈប់អែបម្ខាងផ្លូវ បើកភ្លើងភ្លឺ ហើយឃើញម្ចាស់ បើកកញ្ចក់បង្អួច លើកដៃរា ហាក់ដូចជា កំពុងបក់ហៅរកជំនួយ ពីមាណព។ មាណពក៏បត់ម៉ូតូ អែបទៅជិត ឃើញអ្នកបើកបរម្នាក់អាយុប្រហែលសែសិបប្លាយ អើតមុខ ចេញមក ស្រែកថា ៖
- ឡានពូមិនដំណើរការទេ តើអាចអោយពូសុំពឹងពាក់ក្មួយ បានទេ?
- បាទ លោកពូ! ឡានខូចអីដែរទៅបាទ? ណាំង៉ូវឆ្លើយតបវិញ។
- ពូមិនដឹងទេក្មួយ! តែពេលនេះ ពូកំពុងមានការប្រញាប់ផង សូមជួយពូ ដោយអធ្យាស្រ័យផងចុះ យ៉ាងណាអោយតែ វាឆេះវិញ អាលធ្វើដំណើរ បន្តទៅទៀត។

ណាំង៉ូវក៏ចតម៉ូតូហើយ រួចស្ទុះជួយពិនិត្យរថយន្ត ទាំងកណ្តាលភ្លៀង។ បន្តិចក្រោយមក នាយយើងក៏រត់ទៅ ប្រាប់បុរសនោះថា ៖
- ខ្ញុំដឹងហើយថាឡានខូចអី ប៉ុន្តែពូចាំខ្ញុំមួយភ្លែតទៅ។ ខ្ញុំត្រឡប់ក្រោយ ទៅរកខ្ចីប្រដាប់ប្រដា ពីរោងជាង របស់ថៅកែខ្ញុំសិន។ បន្តិចខ្ញុំត្រឡប់មកវិញហើយ។

បុរសចំណាស់ មិនទាន់ហារមាត់ ឆ្លើយទាន់ផង ណាំង៉ូវ ក៏ហក់ឡើងម៉ូតូវឹង ចេញទៅយ៉ាងលឿន។ បុរសចំណាស់ នៅអង្គុយក្នុងឡានរបស់គាត់ ទាំងកិរិយាអន្ទះសារ រសាប់រសល់។ មួយស្របក់ក្រោយមក យុរជនយើងក៏ត្រឡប់ មកដល់វិញ ហើយក៏ចាប់ទាញ សំពត់ភ្លៀងគ្របមុខឡាន អោនដាក់ក្បាល ឈ្ងោកកាន់ពិលឈួល អើតចូលក្រោមឡាន ធ្វើការ យ៉ាងរហ័សរហួន ជាទីបំផុត។

មួយសន្ទុះធំក្រោយមក ៖

- លោកពូ បញ្ឆេះសាកមើល!
បុរសចំណាស់ក៏ធ្វើតាម ស្រាប់តែឡានឆេះវិញមែន។
- អរគុណណាស់ក្មួយ! ក្មួយគិតប្រាក់ឈ្នួលប៉ុន្មានដែរ?
បុរសចំណាស់ មានប្រសាសន៍ផង លូកលុយពីហោប៉ៅ បំរុងហុចអោយណាំង៉ូវ ស្រាប់តែ នាយគ្រវីក្បាលវឹង ឆ្លើយតបថា៖
- មិនអីទេលោកពូ! កិច្ចការអាសន្ន បានជួយតូចតាចប៉ុនហ្នឹង មិនបាច់គិតលុយកាក់អីទេ បាទ! ណាមួយលោកពូកំពុងមានការបន្ទាន់ផង។ សូមលោកពូអញ្ជើញ ធ្វើដំណើរ ទៅអោយបាន សុខសប្បាយ។
ទោះបីបុរសចំណាស់ទទូចយ៉ាងណា ក៏ណាំង៉ូវ នៅតែរាដៃ គ្រវីក្បាល មិនព្រមទទួលដដែល។
- ហើយចុះក្មួយឈ្មោះអី ផ្ទះនៅឯណា ធ្វើការឯណាដែរ?
- បាទ! ខ្ញុំបាទណាំង៉ូវ ជាកូនជាងតូចតាចទេ ផ្ទះខ្ញុំឆេះ ស្លាប់ក្រុមគ្រួសារអស់ហើយ សល់តែខ្ញុំ សព្វថ្ងៃជ្រកនៅ វត្តបាខែង ជាមួយព្រះគ្រូសាមណេរមួយអង្គ។

ដោយមានកិច្ចការបន្ទាន់ បុរសចំណាស់ មិនអាចសន្ទនា បានច្រើនឡើយ ហើយក៏ប្រញាប់ប្រញាល់ បររថយន្តចេញ យ៉ាងលឿនស្លេវ កាត់ភ្លៀង បាត់ស្រមោលទៅ។ មាណពចិត្តល្អក៏ឡើងម៉ូតូ ត្រឡប់ទៅរក ទីលំនៅរបស់ខ្លួនដែរ។
---------------------------------
មួយអាទិត្យក្រោយមក...
ណាំង៉ូវកំពុងជួយ បោសទីធ្លាកុដិ ស្រាប់តែឃើញរថយន្តមួយ បរមកដល់ទីនោះ។ បុរសសង្ហាមួយរូប ចុះពីឡាន ស្រដីសួរថា ៖

- ប្អូនស្គាល់យុវជនម្នាក់ ឈ្មោះណាំង៉ូវទេ?
- បាទ! គឺខ្ញុំហ្នឹងតែម្តង!! (យុវជនឆ្លើយទាំងភ្ញាក់ផ្អើល ដោយមានអ្នកទីក្រុង មកសួររកចំឈ្មោះរបស់ខ្លួន) លោកមានការអីដែរ បាទ?
- គឺមានគេផ្ញើសំបុត្រមកអោយប្អូន មួយច្បាប់!!

ណាំង៉ូវទទួលសំបុត្រហើយ ក៏ហែកអានភ្លាម មានសេចក្តីថា ៖

- អរគុណក្មួយប្រុសណាស់ ចំពោះទង្វើដ៏ប្រសើរ របស់ក្មួយ ចំពោះពូ នាព្រលប់មួយ កាលពីអាទិត្យមុន។ បើសិនជាពូ មិនបានជួបមនុស្ស ដែលមានសន្តានចិត្តប្រពៃ ដូចជារូបក្មួយ ម៉្លេះសមពូ នៅអង្គុយសំកុក ស្រក់ទឹកភ្នែកកណ្តាលភ្លៀង ខកដំណើរ មិនអាចមកទាន់ ដង្ហើមអ្នកម្តាយជរារបស់ពូ ដែលមានជម្ងឺយ៉ាងធ្ងន់ធ្ងរ នៅមន្ទីរពេទ្យនោះឡើយ។ ដោយសារ កិរិយាសប្បុរសធម៌របស់ក្មួយ ពូក៏បានមកទាន់ ដង្ហើមអ្នកម្តាយរបស់ពូ ហើយបានស្តាប់សំដីរបស់លោក ផ្ទាល់មាត់ ជាចុងក្រោយ មុននឹងលោកចែកស្ថានទៅ។ ពេលនោះ ពូរំភើបចិត្ត រហូតស្រក់ទឹកភ្នែក មិនដឹងខ្លួន ព្រោះមិននឹកស្មានថា ទង្វើតូចមួយរបស់ក្មួយ បែរជា មានតម្លៃឥតគណនា ចំពោះជីវិតពូ ហួសបរិមាណ នឹងវាស់បាន ដោយប្រាក់ ឬដោយវាចាបរិយាយនានា ទាំងឡាយ។ នៅវេលានេះ ពូគ្មានអ្វីសម្តែង អោយសម ដើម្បីសក្តិសមនឹងទឹកចិត្ត របស់ក្មួយវិញទេ ក្រៅពីប្រគល់ជួនក្មួយ នូវគ្រឿងគ្រៅ សម្រាប់ជួសជុលឡានម៉ូតូ មួយចំនួន សម្រាប់ក្មួយ បើកតូបខ្លួនឯង ដើម្បីធ្វើជារបរ ចិញ្ចឹមជីវិត តទៅអនាគត ហើយពូក៏សុំរាប់អានក្មួយ ជាសាច់ញាតិនឹងគ្នា រហូតតទៅ។ នេះមិនត្រឹមតែ ជាបំណង របស់ពូតែម្នាក់ទេ តែក៏ជាបំណងចុងក្រោយ របស់លោកយាយ ម្តាយរបស់ពូ ព្រោះលោកមាន អំណរសោមនស្ស ជាអតិបរិមា ពេលបានឃើញ រូបកូនប្រុសមកដល់ទាន់ វេលាចុុងក្រោយ នៃជីវិតរបស់លោក។ សូមប្រសិទ្ធិពរ អោយក្មួយ បានជួបតែ សេចក្តីសុខ ជានិរន្តន៍។

ណាំង៉ូវអានសំបុត្រចប់ ក៏មានចិត្តរំជួលជាខ្លាំង រហូតដល់រលីងរលោងទឹកភ្នែក ដោយក្តីរំភើបចិត្តក្រៃលែង បន្ទាប់មក គេក៏លើក ដៃប្រណម្យ ឆ្ពោះទៅមេឃ រួចស្រដីថា ៖

- ពាក្យពេចន៍របស់លោកពូ ក្នុងលិខិតមួយច្បាប់នេះ ក៏ជាកម្លាំងចិត្ត យ៉ាងមហិមា ចំពោះអ្នកក្រីក្រ ដូចជារូបខ្ញុំ ដែលរស់នៅ កណ្តោចកណ្តែងឯការ ឥតញាតិសន្តាន អោយទទួលនូវ ក្តីសង្ឃឹមក្នុងចិត្តមកវិញ ថា ជីវិតក្នុងលោក ពិតជាមានភាពរមនា គួរអោយចង់រស់នៅ បន្តទៅទៀតណាស់! ខ្ញុំនឹងចងចាំ គុណធម៌ និងទឹកចិត្តសប្បុរស របស់លោកពូ ចំ់ពោះរូបខ្ញុំ រៀងរហូតតទៅ មួយជីវិត។

អ្នកស្រី កែវ ច័ន្ទបូរណ៍

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com