[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Author: Keo Chanbo:Insprirational StoriesPosted: 2010-03-12 00:08:05   Replies: 0
រឿងតាចាស់ស្មូមទាន

រឿងតាចាស់ស្មូមទាន
http://chanbokeo.com/index.php?gcm=1411&grid=128614>op=5193

មានបុរសអភិជនម្នាក់ ឈ្មោះដាវិដ មកពីបរទេស កំពុងដើរលំហែកាយ នៅទីលានឧទ្យាន មុខព្រះរាជវាំង នាមាត់ទន្លេចតុមុខ នាពេលរសៀលជ្រេរមួយ ដោយមានកាន់ កាមារ៉ាមួយនៅដៃ ដើរថតទិដ្ឋភាព នៃទីក្រុងភ្នំពេញផង។

ខណៈនោះ ស្រាប់តែមានតាចាស់ម្នាក់ ស្លៀកពាក់ចាស់ រដាច់រដោច ដើរមកដល់ក្បែរដាវិដ។ បុរសយើងគិតស្មាន ក្នុងចិត្តភ្លាម ថា តាចាស់មួយរូបនោះ ប្រាកដជាស្មូមយាចក រស់នៅដោយការសូមទានគេហើយ។

មិនទាន់បានលូកដៃ ក្នុងហោប៉ៅ ដកហូតលុយផង ស្រាប់តែដាវិដ ឃើញតាចាស់ បែរជាលូកដៃ ក្នុងហោប៉ៅអាវ ដ៏ចាស់រហែករបស់គាត់ ហើយយករូបថតចាស់ទក់ៗ មួយសន្លឹកចេញមក។ ដាវិដភ្ញាក់ព្រើត ក៏ងើបមុខ ចោលក្រសែភ្នែក សម្លឹងតាចាស់ទុរគត ត្បិតមិនយល់ថា គាត់កំពុង ចង់ធ្វើអ្វីឡើយ។ តាចាស់នោះ លើករូបថតនោះ បង្ហាញដាវិដ ហើយស្រដីថា ៖

- ឧិលោកអ្នក ដ៏មានបុណ្យរាសីល្អអើយ តើលោកអាចជួយខ្ញុំ្ បន្តិចបានទេ?

គ្រាន់តែឭដូច្នេះភ្លាម ដាវិដក៏គិតភ្លែត នៅក្នុងចិត្តថា ៖

- អុញ! ខ្ញុំគិតថា គាត់ជាអ្នកស្មូមទាន គឺស្មូមទានមែន! ម្តុំនេះ សំបូរស្មូមទាន ដូចឃ្មុំរោមផ្កាម៉្លេះ! ឧិព្រះអង្គអើយ! ថ្ងៃនេះ ច្បាស់ជាអស់លុយ ទិញបាយល្ងាចហើយខ្ញុំ!

កំពុងតែគិត ស្រាប់តែដាវិដ ឭតាចាស់មានប្រសាសន៍ បន្តទៀតថា ៖

- នេះគឺ ចៅស្រីតែមួយរបស់ខ្ញុំ ដែលកំពុងមានជម្ងឺ គេងនៅមន្ទីរពេទ្យ...

ដាវិដ ខ្ជិលស្តាប់ សំដីរបស់គាត់ តទៅទៀត ក៏លូកហោប៉ៅ រាវរកប្រាក់ បំរុងហុច អោយតាចាស់ ដើម្បីអោយគាត់ដើរ ចៀស ទៅណាឆ្ងាយៗ កុំអោយនៅ ទើសមុខទើសមាត់របស់ខ្លួន តទៅទៀត។ ស្រាប់តែតាចាស់ បន្តប្រសាសន៍ទៀតថា ៖

- ខ្ញុំជាជនក្រីក្រ មានរាសីតូចទាប ប្រហែលជាបន់ព្រះ មិនសូវសក្តិសិទ្ធិ អោយចៅស្រីរបស់ខ្ញុំ ឆាប់បានជា សះស្បើយមកវិញទេ។ ដូច្នេះទើបខ្ញុំ សូមមកពឹងលោក អោយជួយ អុជធូបបន់ព្រះ សូមអោយនាងឆាប់ជាផង ព្រោះឥលូវនេះ ខ្ញុំលែងមាន សាច់ញាតិណា ទៀតហើយ ក្រៅពីចៅស្រីមួយរូបនេះ។ បើអត់ពីនាងទៅ ជីវិតខ្ញុំលែងមានន័យ នឹងរស់តទៅទៀតដែរ។

តាចាស់មានប្រសាសន៍ ទាំងទឹកភ្នែក រលីងរលោង ហើយលើកដៃទាំងគូ ប្រណម្យចំពោះដាវិដ សម្តែងការទទូចអង្វរ។
ក្នុងវិនាទីនោះ ដាវិដរំជូលក្នុងចិត្ត ក្តុកក្តួលអារម្មណ៍ ដោយក្តីអាណិត ស្រណោះមេត្តា។

- មែនហើយ! គាត់មិនបាន ស្មូមប្រាក់ឯណា? គឺសុំតែមេត្តាធម៌ ដើម្បីពង្រឺង កម្លាំងចិត្តរបស់គាត់ តែប៉ុណ្ណោះ ហេតុអី យើងត្រូវកំណាញ់ នឹងគាត់ផង?

គិតក្នុងចិត្តដូច្នោះហើយ ដាវិដក៏ញញឹមឡើងភ្លាម៖

- បាទតា! ម៉ោះ! ទៅជាមួយខ្ញុំ ទៅថ្វាយបង្គំ ព្រះអង្គដងទង់ ដើម្បីសុំពរពីព្រះអង្គ!

ដាវិឌក៏នាំតាចាស់ ចូលថ្វាយបង្គំព្រះ ដើម្បីអធិដ្ឋានបួងសួង សូមអោយចៅ របស់គាត់ ឆាប់ជាសះស្បើយ ពីជម្ងឺរបស់នាង។ ទង្វើរបស់ដាវិដ បាននាំនូវកម្លាំងចិត្ត និងភាពញញឹម ដ៏ស្រស់បំព្រង ជាទីបំផុត មកដាក់លើផ្ទៃមុខ ដ៏សែនខ្មៅជ្រួញ របស់តាចាស់ តែក្នុងរយៈពេល បួនដប់នាទីក្រោយមក ប៉ុណ្ណោះ។ ដោយក្តីរំភើបចិត្ត ចំពោះទង្វើ ដ៏ទន់ភ្លន់ របស់ដាវិដ. តាចាស់នោះ បានដោះមួក អោនកាយថ្លែងអំណរគុណ បុរសយើង ហើយក៏លាចេញទៅ ព្រមទាំងជូនពរដាវិដ យ៉ាងច្រើនទៀតផង។

ព្រលប់នោះ ដាវិដបានដើរត្រឡប់ មកសណ្ឋាគារវិញ ដោយដក់ជាប់ នូវអារម្មណ៍រីករាយ ចម្លែក លើសធម្មតា មិនមែន ដោយសារទិដ្ឋភាព ដ៏ត្រកាល នៃទីក្រុងភ្នំពេញនោះទេ តែដោយសារ ចំណងមេត្រីភាពដ៏ល្អ ដោយដុះចេញមកពី ទឹកចិត្តមនុស្សធម៏ និងការលើកកម្លាំងចិត្ត ចំពោះគ្នា ទៅវិញទៅមក នៅរសៀលនោះ តែប៉ុណ្ណោះ។

អ្នកស្រី កែវ ច័ន្ទបូរណ៍


English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com